រដ្ឋាភិបាលអេត្យូពី ជំរុញឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត

អាឌីសអាបាបា ៖ បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ បានឲ្យដឹងថា រដ្ឋាភិបាលអេត្យូពី បានជំរុញឲ្យរដ្ឋាភិបាលអាមេរិក និងអង្គការនានា បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសរបស់ខ្លួន។

រដ្ឋាភិបាលអេត្យូពី បានព្រមានស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងអាឌីសអាបាបា និងអង្គការនានា ប្រឆាំងនឹងការអនុវត្តបន្តរបស់ពួកគេ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ទូរទស្សន៍រដ្ឋអេត្យូពីបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសេវា ទំនាក់ទំនងរដ្ឋាភិបាលអេត្យូពី លោក Kebede Desisa។

នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីស្ថានទូតអាមេរិក ប្រចាំប្រទេសអេត្យូពី បានចេញការព្រមានដល់ពលរដ្ឋរបស់ខ្លួន ដែលរស់នៅក្នុងប្រទេសអេត្យូពី អំពីការវាយប្រហារភេរវកម្ម ដែលអាចកើតមាននៅក្នុងរដ្ឋធានីអាឌីសអាបាបា នៃប្រទេសអេត្យូពី។

មុននេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្រមានម្តងហើយម្តងទៀត ដល់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីប្រទេសនៅអាហ្វ្រិកខាងកើតមួយនេះ ដោយសារជម្លោះដែលកំពុងកើនឡើងនៅក្នុងប្រទេសនេះ។

ជម្លោះដែលបានផ្ទុះឡើងក្នុងខែវិច្ឆិកា ឆ្នាំមុន នៅក្នុងតំបន់ Tigray ភាគខាងជើងបំផុត នៃប្រទេសអេត្យូពី រវាងរណសិរ្សរំដោះប្រជាជន Tigray (TPLF) និងកងកម្លាំងការពារជាតិអេត្យូពី បានរីករាលដាលពេញមួយខែកន្លងមកនេះ នៅទូទាំងតំបន់ Amhara និង Afar ដែលនៅជិតខាង ខណៈដែលកងកម្លាំង ដែលស្មោះត្រង់នឹង TPLF បានកើនឡើង៕

Leave a Reply

Your email address will not be published. Required fields are marked *