ភាគីជម្លោះស៊ូដង់ ព្រមព្រៀងគ្នាអនុញ្ញាតឱ្យមានគោលការណ៍មនុស្សធម៌ ប៉ុន្តែគ្មានបទឈប់បាញ់នោះទេ

បរទេស ៖ ភាគីជម្លោះស៊ូដង់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា បានចុះហត្ថលេខាលើការប្តេជ្ញាចិត្តចំពោះគោលការណ៍មនុស្សធម៌ នៅក្នុងជម្លោះដែលកំពុងកើនឡើងរបស់ពួកគេ ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់នៅឡើយទេ។

តំណាងភាគីខាងកងទ័ព និងទាហានប៉ារ៉ាដែលកំពុងប្រយុទ្ធគ្នាអស់រយៈពេលជិតមួយខែ បានសម្លាប់មនុស្សជាង៧៥០នាក់ និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទីលំនៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ខណៈដែលពួកគេបន្តការចរចានៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ សេចក្តីប្រកាសបន្ទាប់ពីការចរចាខាងលើបានលើកឡើងថា៖ «យើងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធានាការការពារចំពោះជនស៊ីវិលគ្រប់ពេលវេលា រួមទាំងការអនុញ្ញាតឱ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់ជនស៊ីវិល ដើម្បីចាកចេញពីតំបន់អរិភាពនៅឆ្ពោះទៅកាន់កន្លែងដែលពួកគេជ្រើសរើស»។

កិច្ចព្រមព្រៀងនេះតម្រូវឱ្យភាគីទាំងសងខាងសន្យាក្នុងលក្ខខណ្ឌទូទៅ​ ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌បន្ទាប់ពីមានការកាស់លួចទំនិញ និងការវាយប្រហារគោលដៅផ្តល់ជំនួយនៅក្នុងប្រទេសក្រីក្រនេះ។ បន្ថែមលើនោះ សេចក្តីប្រកាសអំពាវនាវឱ្យមានការស្ដារឡើងវិញនូវបណ្តាញថាមពលអគ្គិសនី ទឹក និងសេវាមូលដ្ឋានផ្សេងទៀត ការដកកងកម្លាំងសន្តិសុខចេញពីមន្ទីរពេទ្យ និងការបញ្ចុះសពរបស់អ្នកដែលបានបាត់បង់ជីវិត។

រហូតមកទល់នឹងពេលនេះ បុគ្គលិកមនុស្សធម៌យ៉ាងហោចណាស់ចំនួន១៨នាក់បានស្លាប់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសា។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានប្រកាសផ្អាកការងាររបស់ពួកគេជាបណ្តោះអាសន្ននៅក្នុងទីក្រុងខាទុំ (Khartoum) និងទីក្រុងដាហ្វឺ (Darfur) ដោយសារតែមានការប្រយុទ្ធគ្នា។ លើសពីនេះ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានអះអាងថា ស្បៀងអាហារតម្លៃរាប់លានដុល្លារត្រូវបានលួចនៅក្នុងទីក្រុងខាទុំ៕

Leave a Reply

Your email address will not be published. Required fields are marked *