រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្នើឲ្យដកទណ្ឌកម្មនៅប៉ុន្មានថ្ងៃមុន កិច្ចពិភាក្សានុយក្លេអ៊ែ នៅក្នុងទីក្រុងវីយែន

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់ចង់ឲ្យមានការដកទណ្ឌកម្មទាំងអស់ ក្នុងដំណើរការអាចផ្ទៀងផ្ទាត់បាន នៅរយៈពេលប៉ុន្មានថ្ងៃមុននៃ ការបន្តធ្វើកិច្ចពិភាក្សានុយក្លេអ៊ែ នៅក្នុងទីក្រុងវីយេន។

កិច្ចពិភាក្សាដោយប្រយោល នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដោយមានការចូលរួមពី សំណាក់មហាអំណាចធំៗនោះ មានគោលដៅនាំប្រទេសទាំងពីរ ឲ្យចូលទៅអនុវត្តពេញលេញ តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលទីក្រុងវ៉ាស៊ីនតោន បានបោះបង់ចោលកាលពីឆ្នាំ២០១៨ និងដាក់ទណ្ឌកម្មជាថ្មីឡើងវិញ លើប្រទេសអ៊ីរ៉ង់។

នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយប្រធានគោលនយោបាយ បរទេសរបស់សហភាពអឺរ៉ុប លោក Joseph Borrell នោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បានមានប្រសាសន៍ថា “ប្រសិនបើភាគីប្រឆាំងត្រៀម ធ្វើការវិលត្រឡប់មករក កាតព្វកិច្ចទាំងស្រុងរបស់ពួកគេ និងការលើកលែងទណ្ឌកម្មនោះ កិច្ចព្រមព្រៀងដ៏ល្អនិងភ្លាមៗមួយ អាចនឹងសម្រេចបាន”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានដកស្រង់សម្តីលោក Amirabdollahian ដែលនិយាយយ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀង ដ៏ល្អនិងអាចផ្ទៀងផ្ទាត់បាន”៕

Leave a Reply

Your email address will not be published. Required fields are marked *