ម្ចាស់ក្លិប Everton លោក Farhad Moshiri បង្កើនភាគហ៊ុនជាមួយនឹងការដាក់ទុន ១០០លានផោន

លីវើភូល ៖ បើតាមការអះអាងពីក្លិបដែលលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ម្ចាស់ក្លិប Everton លោក Farhad Moshiri បានបង្កើនភាគហ៊ុនរបស់លោក នៅក្នុងក្លិបរហូតដល់ ៩៤.១ភាគរយ បន្ទាប់ពីបានចាក់បញ្ចូលទុន ជាទឹកប្រាក់ចំនួន ១០០លានផោន (១៣៥.៥៦លានដុល្លារ)។

ក្លិបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Moshiri បានទិញភាគហ៊ុនចំនួន ៣៣,៣៣៣ភាគហ៊ុនបន្ថែមទៀត ជាតំណាងឲ្យ «មូលធនប័ត្រនៃប្រាក់កម្ចីពីមុន»។

«ការវិនិយោគ ដោយម្ចាស់ភាគហ៊ុនធំនេះ នឹងធានាឲ្យក្លិបបន្តស្វែងរកបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុសំខាន់ៗដែលបង្កឡើងដោយវិបត្តិកូវីដ១៩ ខណៈក្លិបកំពុងដំណើរការផែនការសម្រាប់ក្រុមជម្រើសដំបូង និងការអភិវឌ្ឍជាបន្តបន្ទាប់នៃកីឡដ្ឋានថ្មី នៅឯផែ Bramley-Moore Dock» នេះបើតាមសេចក្តីថ្លែងការណ៍។

នៅក្នុងលិខិតចំហមួយផ្ញើទៅកាន់អ្នកគាំទ្រ លោក Farhad Moshiri បានទទួលស្គាល់ថា វាគឺជា «រដូវកាលដ៏លំបាក» មួយសម្រាប់ក្លិប ដែលកាលពីសប្តាហ៍មុនបានចែកផ្លូវគ្នាជាមួយអ្នកចាត់ការ Rafa Benitez។ ការចែកផ្លូវគ្នានេះ បន្ទាប់ពីលទ្ធផលនៃការប្រកួតដ៏គួរឲ្យខកចិត្ត ក្រោមការដឹកនាំរបស់បុរសអេស្ប៉ាញខាងលើ។

អតីតខ្សែប្រយុទ្ធរបស់ Everton លោក Duncan Ferguson ត្រូវបានតែងតាំងឲ្យទទួលបន្ទុកដឹកនាំជាបណ្តោះអាសន្ន លើក្រុមជម្រើសដំបូងជាលើកទី២។

Everton កំពុងឈរនៅលេខរៀងទី១៦ មាន ៦ពិន្ទុលើតំបន់កាត់ចេញពីលីគ បានចាញ់ ៩ប្រកួតក្នុងចំណោម ១២ប្រកួតចុងក្រោយរបស់ពួកគេក្នុងលីគ Premier League។ ពួកគេនឹងធ្វើម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Aston Villa នៅថ្ងៃសៅរ៍នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *