សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាលជាមួយ ក្រុមការងារផលិតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយក្រុមការងារផលិតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់ក្រុមការងារផលិត ក៏ដូចជាអ្នកសម្តែងទាំងអស់ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការផលិតខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ពាក់ព័ន្ធដំណើរជីវិតតស៊ូក្នុងបុព្វហេតុជាតិមាតុភូមិរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ក្រៅតែពីការលើកទឹកចិត្តជំនួបនេះ ក៏ជាការតម្រង់ទិសបន្ថែមដល់ក្រុមការងារផលិត ដើម្បីឱ្យខ្សែភាពយន្តមានភាពទាក់ទាញ និងកាន់តែល្អប្រសើរ។ ជាពិសេសមិនប្រាស់ចាកពីប្រវត្តិពិត ដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឆ្លងកាត់។

សូមបញ្ជាក់ថា ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅ​និងដំណើរជីវិតពិត​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ ការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក​ស្នេហាជាតិ មករំដោះប្រទេសចេញពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ជាពិសេសទាក់ទិនទៅ​និងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រនៅរាជធានីភ្នំពេញ ការស្នាក់នៅ​អាស្រ័យជាមួយ​ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។

ភាពយន្តមានប្រមាណ ៥២ភាគ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។ ភាពយន្តនេះគ្រោងប្រើពេលថតប្រមាណ ១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ គ្រោងចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ បច្ចុប្បន្នថតបានប្រមាណជា ៣០ភាគរយហើយ។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ។

មកដល់ពេលនេះឈុតឆាកជាច្រើនត្រូវបានបញ្ចប់ការថតហើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយឈុតឆាកសម្តែងនោះជាច្រើនឃ្លីបរួចហើយផងដែរ។ ឈុតសម្តែងដែលសម្តេចតេជោ បានបង្ហាញទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន៕

Leave a Reply

Your email address will not be published. Required fields are marked *