សត្វខ្លារខិនញី នៅមានវត្តមាន ក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ សត្វខ្លារខិនញីមួយក្បាល និងសត្វមួយចំនួន ត្រូវបានថតដោយម៉ាស៊ីនស្វ័យប្រវត្តិបង្កប់ ក្នុងព្រៃក្នុងខេត្តមណ្ឌលគិរី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។ អ្នកជំនាញនៃក្រសួងបរិស្ថាន និងអង្គការ WWF និងក្រុមអ្នកអភិរក្សរីករាយ ក្រោយឃើញវត្តមានសត្វខ្លារខិន នៅក្នុងជម្រកសត្វព្រៃកម្ពុជា។

ក្រៅពីវត្តមានខ្លារខិនញីមួយក្បាលនេះ នៅមានពពួកសត្វក្រចកជើងចំពាមដូចជា សត្វប្រើស,សត្វជ្រូកព្រៃ, សត្វឈ្លូស,ក្តាម និងសត្វស្លាបមួយចំនួន ដែលបានថតជាប់។ បើតាមក្រសួងបរិស្ថាន បច្ចុប្បន្នវត្តមានសត្វព្រៃមួយចំនួនធំ ជាពិសេសសត្វ មំសាសី ដូចជាខ្លារខិនជាប្រភេទសត្វកម្របំផុត ហើយកំពុងទទួលរងការគំរាមកំហែង អាចឈានដល់ការផុតពូជដោយសារជាប់អន្ទាក់ នៃការជួញដូរសាច់ និងសត្វព្រៃខុសច្បាប់នៅលើទីផ្សារ។

ដើម្បីដោះស្រាយវិបត្តិនេះ តួរអង្គសំខាន់ៗ នៃស្ថាប័នរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូរ ក្នុងវិស័យបរិស្ថាន បានបើកយុទ្ធនាការ «អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា» កាលពីដើមខែមីនាឆ្នាំ២០២២។ គោលបំណងនៃកម្មវិធីនេះ ដើម្បីជំរុញឱ្យគ្រប់ភាគីប្តេជ្ញាចិត្តរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីការពារអនាគតប្រជាជន និងការរស់រានរបស់សត្វព្រៃកម្ពុជា។

សត្វខ្លារខិន ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រក រស់នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍។ តំបន់ព្រៃទេសភាពខ្ពង់រាប ក្នុងប្រទេសកម្ពុជា គឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិន។ អ្នកវិទ្យាសាស្ត្រជឿថា វត្តមានពួកវា អាចនៅសេសសល់ចំនួនតិចតួចបំផុត នៅព្រៃធម្មជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *