សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ចូលរួមពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤។

ជំនួបពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ គឺក្នុងគោលបំណងដើម្បីស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាន និងដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានល្អត្រឹមត្រូវ តាមក្រមសីលធម៍ច្បាស់លាស់ដើម្បីបំរើសង្គមជាតិឱ្យកាន់តែរីកចម្រើន។ ជំនួបថ្ងៃនេះ អាចចាត់ទុកបានថា ជាកិច្ចប្រឹងប្រែងមួយ ដើម្បីរួមគ្នាធ្វើជាប្រយោជន៍សម្រាប់សង្គមជាតិរបស់យើង។

វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិត, ស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណា ប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាព ពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព ។

ជាការពិតណាស់ វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់បំផុតក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ, ការបង្ហាញអំពីតថភាពសង្គម, ការអភិវឌ្ឍ ជាពិសេសជាកញ្ចក់ឆ្លុះយ៉ាងសំខាន់ ដើម្បីជាមូលដ្ឋានក្នុងការកែប្រែភាពអសកម្ម, ភាពអវិជ្ជមាន ឬបញ្ហាខ្វះខាតផ្សេងៗ ដើម្បីនឹងកែលម្អឱ្យល្អប្រសើរ ។ អ្វីដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ វិស័យសារព័ត៌មាន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាដែលបង្កើនវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានទៅគ្រប់មជ្ឈដ្ឋាន និងទូលំទូលាយនោះ គឺដោយសារប្រទេសជាតិមានសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការបើកសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជូនដល់ប្រជាពលរដ្ឋ ៕

Leave a Reply

Your email address will not be published. Required fields are marked *