បើកម៉ូតូសណ្ដោងរុឺម៉កត្រឡប់ក្រោយ ប៉ះរថយន្ត ALPHARD រងការខូចខាត រួចយករថយន្តជនរងគ្រោះទៅជួសជុលបញ្ចប់រឿង

ភ្នំពេញ ៖ បុរសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កត្រឡប់ក្រោយមិនប្រយ័ត្ន ទៅប៉ះរថយន្តស៊េរីទំនើប ALPHARD កំពុងបើកឡើងផ្លូវ បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១៖៤០នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខANZ royal តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ មានរថយន្តស៊េរីទំនើបម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា VATANA98 ធ្វើដំណើរចេញពីផ្លូវលំក្រោយ ANZ រួចឡើងមកផ្លូវ២៧១ ទិសដៅពីជើងមកត្បូងបានបន្តិច ក៏មានបុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ក៏បានប៉ះរថយន្តចំពីចហៀង បណ្ដាលឲ្យរងការខូចខាត។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ដោយខូចខាតតែរថយន្ត និងបង្កការកក់ស្ទះចរាចរណ៍ដល់អ្នកដំណើរប៉ុណ្ណោះ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍បានចុះមកដល់ ក៏ធ្វើការសម្រួលចរាចរណ៍ដល់អ្នកដំណើរ និងគូសវាស់យករថយន្ត និងម៉ូតូសណ្ដោងរុឺម៉កដាក់អែបខាងសិន ដើម្បីឲ្យមានការសម្របសម្រួលគ្នា។ ចុងក្រោយភាគីខាងម៉ូតូសណ្ដោងរុឺម៉កបានយល់ព្រមយករថយន្តទៅជួសជុលឲ្យស្អាតដូចដើម ដើម្បីបញ្ចប់រឿង៕

Leave a Reply

Your email address will not be published. Required fields are marked *