កម្ពុជា​ ប្រារព្ធទិវាអន្តរជាតិយល់ដឹងអំពីមីនដេីម្បីរំលឹកពីកាតព្វកិច្ចរួម​ និងការប្តេជ្ញាចិត្តជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមដោយសារមីន

ខេត្តសៀមរាប÷ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ឆ្នាំ២០២៤ ដែលពិធីនេះបានប្រារព្ធធ្វើឡើងក្នុងខេត្តសៀមរាប និងមានការចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត។

ទិវាអន្តរជាតិយល់ដឹងអំពីមីន បានប្រព្រឹត្តិទៅក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មកលើប្រជាជនស្លូតត្រង់នៅទូទាំងពិភពលោក។

ពិធីនេះ មានការចូលរួមផ្តល់នូវចំណាប់អារម្មណ៍ពីឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា តំណាងស្ថានទូតចិន ស្ថានទូតជប៉ុន ស្ថានទូតហ្វីលីពីន ស្ថានទូតអាមេរិក ស្ថានទូតបារាំង ទីភ្នាក់ងារស្វីសសម្រាប់ការអភវិឌ្ឍន៍ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ​(UNDP) និងតំណាងសមាគម TAFTAC ដែលបានបង្ហាញពីតាំងចិត្ត និងឆន្ទះក្នុងការរួមចំណែកដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាកិច្ចសង្រ្គោះជនរងគ្រោះ ផងដែរ។

ក្នុងសុន្ទរកថារបស់ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា គ្រាប់មីន នៅតែបន្តគំរាមកំហែងដល់អាយុជីវិត រារាំងការអភិវឌ្ឍន៍ និងរំខានដល់សន្តិភាព ព្រមទាំងជារបាំងដល់ការរីកចម្រើននៃសហគមន៍ និងការរស់ឡើងវិញនៃប្រជាជាតិ ហើយការប្រារព្ធទិវាអន្តរជាតិនេះ គឺជាការរំលឹកពីកាតព្វកិច្ចរួម ដើម្បីការពារក្តីសុបិនរបស់មនុស្សជំនាន់ក្រោយអាចរស់នៅប្រកបដោយសុវត្ថិភាព តាមរយៈការប្តេជ្ញាចិត្តរួមដើម្បីធានាឱ្យពិភពលោកគ្មានការគំរាមដែលបណ្តាលមកពីគ្រាប់មីន។ ជាមួយគ្នានេះ ការប្រារព្ធទិវាអន្តរជាតិនេះ បង្កប់នូវស្មារតីនៃសាមគ្គីភាព និងក្តីមេត្តាជាសកល ដើម្បីរួមចំណែកដល់សកម្មភាពមនុស្សធម៌ និងឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិលើបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ដោយឡែក កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននាំឱ្យប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានបង្ហាញពីគំរូនៃការតស៊ូជាសកលប្រឆាំងនឹងការគំរាមកំហែងនៃគ្រាប់មីន។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ មិនមែនគ្រាន់តែជាកិច្ចប្រជុំប៉ុណ្ណោះទេ វាគឺជាសញ្ញានៃក្តីសង្ឃឹម ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាសម្រាប់ពិភពលោកមួយប្រកបដោយសុវត្ថិភាព និងទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង-សាមគ្គីភាពអន្តរជាតិ ការច្នៃប្រឌិតបច្ចេកវិទ្យា និងការដោះស្រាយរួមគ្នា ដើម្បីបោះជំហានឆ្ពោះទៅរកសន្តិភាព ដែលជាពិភពលោកគ្មានការគំរាមកំហែងពីគ្រាប់មីន៕

Leave a Reply

Your email address will not be published. Required fields are marked *