សេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ដ្រីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៤ បើកមុនថ្ងៃទី១២ មេសា

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈមានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធមេត្តាជ្រាបថា នៅក្នុង ខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិជូនមន្ត្រីរាជការ។ សេចក្តីដូចបានជម្រាបជូនខាងលើ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំដំណាលគ្នាជាមួយនឹងការបើក ប្រាក់បៀវត្សសរុបប្រចាំខែមេសាតែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១ និង លើកទី២ឱ្យបានក្នុងសប្តាហ៍ទី៣នៃខែ ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែ មិថុនា ឆ្នាំ២០២៤ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។

ក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

Leave a Reply

Your email address will not be published. Required fields are marked *