ក្រសួងមហាផ្ទៃ ទុកឱ្យលោកស្នងការរាជធានីភ្នំពេញ ជាអ្នកចាត់វិធានការ ករណីមេធាវីជនរងគ្រោះប្ដឹងលោក ដេ ម៉ៅ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានថ្លែងថា ក្រសួងទុកជូនលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាអ្នកចាត់ការដោយផ្ទាល់ ចំពោះករណីដែលមានជនរងគ្រោះប្តឹងលោក ដេ ម៉ៅ។

លោកបណ្ឌិតបន្តថា ដោយសារតែសាម៉ីខ្លួនបានដាក់ពាក្យប្តឹងផ្ទាល់ទៅប្រធានអង្គភាព ដូច្នេះក្រសួងទុកតួនាទីភារកិច្ចនេះ ជូនលោកប្រធានអង្គភាពជាអ្នកចាត់ចែងនីតិវិធីទៅតាមអង្គហេតុ និងអង្គច្បាប់។

សូមជម្រាបជូនថា លោកមេធាវី អ៊ូច សុភត្រា ជាតំណាងឱ្យកូនក្ដីឈ្មោះ ជឹម ស៊ីម៉េត កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ បានដាក់ពាក្យប្ដឹងលោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ និងបក្ខពួក ទៅលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពីបទ បង្ខាំងមនុស្សខុសច្បាប់។

យោងតាមបណ្ដឹងខាងលើ បញ្ជាក់ថា កាលពីវេលាម៉ោងប្រហែល១០ និង៣០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចភ្លើងស្ដុបនៅលើផ្លូវ២០០៤ ដោយម៉ូតូមួយគ្រឿងបើកបរមកបុកផ្នែកខាងក្រោយរថយន្តរបស់ឈ្មោះ ជឹម ស៊ីម៉េត។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ បាននាំខ្លួនឈ្មោះ ជឹម ស៊ីម៉េត ទៅកាន់ការិយាល័យផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងបានឃុំខ្លួននៅក្នុងបន្ទប់ឃុំឃាំងចាប់ពីម៉ោង២យប់រហូតដល់ម៉ោង១០ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ទើបព្រមដោះលែងឈ្មោះ ជឹម ស៊ីម៉េត វិញ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីលោកស្នងការនគរបាល រាជធានីភ្នំពេញ។

ជាការឆ្លើយតបចំពោះបណ្ដឹងខាងលើនេះ លោក ដេ ម៉ៅ បានប្រាប់អ្នកសារព័ត៌មានថា លោកទទួលស្គាល់ថា ម៉ូតូពិតជាបានបុកពីក្រោយរថយន្តកំពុងឈប់ស្តុបពិតប្រាកដមែន។ ក៏ប៉ុន្តែការឃាត់ខ្លួនម្ចាស់រថយន្ត ក្នុងនាមជាជនសង្ស័យ ដើម្បីផ្ទៀងផ្ទាត់កាំម៉ាសុវត្ថិភាព។

លោក ដេ ម៉ៅ បានលើកឡើងថា តើខាងលោកក្នុងនាមជា មន្ត្រីនគរបាលយុត្តិធម៌ផ្នែកចរាចរណ៍ ពុំមានសិទ្ធិឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងតាមនីតិវិធីទេឬ? ហើយការឃាត់ខ្លួនម្ចាស់រថយន្តខាងលើនោះគឺពុំបានលើស ៤៨ម៉ោងនោះដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *