ឃុំខ្លួនឃាតក ដែលសម្លាប់លោក ស៊ិន ខុន ពីបទ “ឃាតកម្មគិតទុកជាមុន” និងប្រឈមជាប់គុកអស់មួយជីវិត

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សុង ប៊ុណ្ណារិទ្ធិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកា បង្គាប់ឱ្យឃុំខ្លួនជនដៃដល់ ដែលបានសម្លាប់លោក ស៊ិន ខុន ជាអតីតសកម្មជនអតីត គណបក្សសង្គ្រោះជាតិ និងជានិស្សិតច្បាប់ថ្នាក់បណ្ឌិត កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នោះ នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្ន ដើម្បីរង់ចាំស៊ើបអង្កេតបន្ថែម និងធ្វើសវនាការតាមនីតិវិធីច្បាប់។

អំពីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១៖៣០នាទីអធ្រាត្រ នាថ្ងៃអាទិត្យទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថិតនៅនៅម្ដុំវត្តចាស់ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមដីការបស់លោកចៅក្រមស៊ើបសួរ បានឱ្យដឹងថា ជនត្រូវចោទរូបនេះមានឈ្មោះ សៀង ឆរ័ត្ន (ហៅធំ) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងសំណង់។ ជនជាប់ចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមបញ្ញាត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ បើយោងតាមបញ្ញត្តិមាត្រា ២០០នេះ ជនជាប់ចោទ អាចនឹងជាប់គុកអស់មួយជីវិត ប្រសិនបើតុលាការរកឃើញពីពិរុទ្ធភាព។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួនដោយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីគាត់បានសម្លាប់ជនរងគ្រោះឈ្មោះ ស៊ិន ខុន ដោយកាប់នឹងកាំបិតផ្គាក់ នៅចំណុចកើតហេតុខាងលើ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននិយាយថា យោងតាមការស៊ើបអង្កេតយ៉ាងម៉ត់ចត់ និងចម្លើយសារភាពរបស់ជនជាប់ចោទ, ករណីឃាតកម្មខាងលើនេះ គឺមិនពាក់ព័ន្ធនឹងរឿង នយោបាយនោះទេ។ តែជារឿងគំនុំគុំគួន និងជម្លោះពាក្យសម្តីគ្នា រវាងជនជាប់ចោទ និងជនរងគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *