ឃ្លាំងផ្ទុកសម្ភារៈរបស់ជនជាតិឥណ្ឌាមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង

កណ្ដាល ៖ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៧៖៣០នាទី នៅចំណុចភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ក្នុងខេត្តកណ្ដាល មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងផ្ទុកសម្ភារៈរបស់ជនជាតិឥណ្ឌាមួយកន្លែង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងប៉ូលិសផ្នែកពន្លត់អគ្គីភ័យ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយប្រាប់អ្នកយកព័ត៍មានយើងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងក្មួយខ្មាញ់ផុសឡើងអមដោយអណ្ដាតភ្លើង ទើបប្រជាពលរដ្ឋបានផ្អើលឆោឡោ ហើយទាក់ទងរាយការណ៍ជូនដល់សមត្តកិច្ច ទើបបានឃើញមានរថយន្ដមកបាញ់ពន្លត់ភ្លាមៗ។

លោកវរៈសេនីយ៍ ផាន់ វាន្នី នាយការិយាល័យសង្គ្រោះ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋានខេត្តកណ្ដាល បានឲ្យដឹងថា បន្ទាប់ពីបានទទួលដំដឹងពីពលរដ្ឋថា មានករណីអគ្គីភ័យបានឆាបឆេះផ្ទះភ្លាមនោះ លោកបានបញ្ជាឲ្យរថយន្ដបាញ់ពន្លត់អគ្គីភ័យចំនួន២គ្រឿងចេញជាបន្ទាន់ ហើយក៍បានរាយការណ៍ភ្លាមជូនដល់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគបាលខេត្ត ហើយដោយឃើញសន្ដានភាពតានតឹងផងនោះ ក៏បានបន្តផ្ដល់ដំណឹងដល់កងក្រុមពន្លត់អគ្គីភ័យរបស់អង្គរក្សមកជួយថែម២គ្រឿងទៀត។

លោក ផាន់ វាន្នី បានបន្តថា ករណីខាងលើ គឺមានរថយន្ដបាញ់ និងពន្លត់អគ្គីភ័យអស់ចំនួន៤គ្រឿង គឺរថយន្ដរបស់កងអង្គរក្សចំនួន២គ្រឿង និងរថយន្ដស្នងការចំនួន២គ្រឿងទៀត ទើបរលត់ទៅវិញនៅម៉ោង៨៖១៥នាទីក្នុងថ្ងៃដដែល។

គួរបន្ថែមផងដែរថា ករណីអគ្គីភ័យឆាបឆេះខាងលើនេះ ជនរងគ្រោះមានឈ្មោះ វ៉ាន់ ម៉ារាឌី ភេទប្រុស រស់នៅភូមិសង្កាត់ និងក្រិងកើតហេតុខាងលើ ហើយបានជួលឲ្យទៅជនជាតិឥណ្ឌា ឈ្មោះ បាវ៉ាន់ ស៊ីខាបាកា ភេទប្រុស ដាក់សម្ភារៈ។ ហើយករណីខាងលើនេះ គឺពុំមានគ្រោះថ្នាក់ ឬបាត់បង់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ ប៉ុន្តែឃ្លាំងផ្ទុកសម្ភារៈខូចខាតអស់មួយចំនួនផងដែរ៕ ដោយ៖ ខាត់ សុខឿន

Leave a Reply

Your email address will not be published. Required fields are marked *