ព្រះសង្ឃ ដែលបើករថយន្តខ្លួនឯង និងមានជាតិស្រវឹង ពេលនេះត្រូវបានចាប់ឱ្យផ្សឹកហើយ!

បន្ទាយមានជ័យ ៖ ព្រះសង្ឃដែលបានសេពគ្រឿងស្រវឹង ហើយបើករថយន្តខ្លួនឯង រ៉េចង្កូតទៅបុករថយន្ត១គ្រឿងទៀត កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ ពេលនេះត្រូវបានមន្រ្តីធម្មការ និងសាសនាខេត្ត ចាប់ផ្សឹកលាចាកសិក្ខាបទជាផ្លូវការហើយ។

សួមរំលឹកថា តាមប្រភពព័ត៌មាន បានឱ្យដឹងនៅមុនពេលកើតហេតុ មានរថយន្តម៉ាក RX.300 ពាក់ស្លាកលេខ ភ្នំពេញ 2J-8522 បើកបរដោយស្ត្រីម្នាក់ តាមបណ្តោយជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ហើយត្រូវរថយន្តកាម៉ារីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2L-0874 បើកបរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿន បានរ៉េចង្កូតទៅឆ្វេងដៃបុករថយន្តឡិចស៊ីសពីក្រោយចំហៀងខាងឆ្វេង បណ្តាលឱ្យរងការខូចខាតទាំងសងខាង តែករណីនេះគ្មានអ្នករងគ្រោះទេ។ ក្រោយពេលកើតហេតុ ភ្លាមៗនោះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅសម្រួលចរាចរណ៍ និងវាស់វែង ហើយបានឃើញអ្នកបើកបររថយន្តឆ្លាមដែលបង្កគ្រោះថ្នាក់ គឺជាព្រះសង្ឃ រួមដំណើរជាមួយស្ត្រីម្នាក់ ត្រូវជាញោមរបស់ព្រះសង្ឃ និងព្រះសង្ឃ១អង្គទៀត ជាចៅអធិការវត្តប៉ោយអង្គរ។

ដោយឡែក តាមការត្រួតពិនិត្យព្រះសង្ឃអង្គនោះ មានអត្រាជាតិអាល់កុល ០,៩២ មីលី្លក្រាម ក្នុង១លីត្រខ្យល់ និងគ្មានបណ្ណបើកបរ ហើយត្រូវបានប្រគល់ជូនមន្ទីរធម្មការ និងសាសនាខេត្ត មានវិធានការបន្ត និងត្រូវបានផ្សឹកដោយសាលាគណៈខេត្ត បន្ទាប់ពីរកឃើញកំហុសប្រព្រឹត្តផ្ទុយពីវិន័យសាសនារបស់ព្រះសម្មាសម្ពុទ្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *