ស្លាប់កម្មករបូមខ្សាច់ម្នាក់ ក្នុងការដ្ឋានអាជីវកម្មខ្សាច់យីហោ ប៊ុក ហាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ កម្មករបូមខ្សាច់ម្នាក់ បានបាត់បង់អាយុជីវិតភ្លាមៗ នៅក្នុងការដ្ឋានបូមខ្សាច់ យីហោ ប៊ុន ហាក់ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។

ប្រភព័ត៌មានប្រាប់ឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់ដែលបណ្តាលឲ្យកម្មករបូមខ្សាច់ម្នាក់ បានបាត់បង់អាយុជីវិតភ្លាមៗ កើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅក្នុងចំណុចការដ្ឋានអាជីវកម្មបូមខ្សាច់លក់ខ្សាច់ ផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពដដែលប្រាប់បន្តឲ្យដឹងថា ជនរងគ្រោះនៅក្នុងករណីនេះឈ្មោះ ផូ សុខចើង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករការដ្ឋានបូមខ្សាច់ យីហោ ប៊ុន ហាក់ បច្ចុប្បន្នស្នាក់នៅការដ្ឋានបូមខ្សាច់កន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិត្រពាំងបិត ឃុំបឹងណាយ ស្រុកព្រៃឈ ខេត្តកំពង់ចាម។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបច្ចេកទេស កោសល្យវិច្ច័យវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយការឈ្លក់ទឹក និង កៀបដើមទ្រូង មូលហេតុទុយោបូមខ្សាច់បង្ហូរទឹកចេញស្រូបជនរងគ្រោះ ទើបបណ្តាលឲ្យស្លាប់បែបនេះ។

ក្រោយពីធ្វើកោសល្យវិច័យចប់សព្វគ្រប់ សមត្ថកិច្ចក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *