សម្តេចតេជោ ហ៊ុន សែន អបអរសាទរ លីម តិចម៉េង ដែលឈ្នះជាម្ចាស់ពានកម្មវិធី «Cambodian Idol» រដូវកាលទី៤

ភ្នំពេញ ៖ ទីបំផុតកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «Cambodian Idol» រដូវកាលទី៤ រកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម។

ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចូលរួមអបអសារទចំពោះបេក្ខជន លីម តិចម៉េង ដែលឈ្នះជាម្ចាស់ពានកម្មវិធី «Cambodian Idol» រដូវកាលទី៤។ តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ បានសរសេរថា៖ «សូមអបអរសារចៅ លីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ»។

នៅក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាដល់ TOP 4 ម្នាក់ៗចំនួន៦លានរៀលផងដែរ។

ជាការពិតណាស់ បេក្ខជនដែលឆ្លងដល់វគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ គឺមានចំនួន៤នាក់ រួមមាន៖ លីម តិចម៉េង, នាង ដាវីន, ថុល សុភិទិ និង ស៉ឹម ច័ន្ទពន្លឺ។ យ៉ាងណាមិញ ក្រោយប្រជែង និងវាយតម្លៃពីគណៈកម្មការទាំង៤រូបមាន លោក ឆន សុវណ្ណរាជ, លោក ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន ព្រមទាំងការបោះឆ្នោតពីមហាជន នៅទីបញ្ចប់ បេក្ខជនដែលទទួលបានជ័យជំនះ គឺបានទៅលើ បេក្ខជន លីម តិចម៉េង។

ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនេះ គឺមានលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ជាគណៈអធិបតី៕

Leave a Reply

Your email address will not be published. Required fields are marked *