អភិបាលខណ្ឌសែនសុខ ចុះពិនិត្យ និងដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយ តាមបណ្តោយផ្លូវរថភ្លើង ស្តាររីហ្គារលូ ដើម្បីនាំទឹកឲ្យហូរបានលឿន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានដឹកនាំក្រុមការងារចុះពិនិត្យ និងដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយ តាមបណ្តោយផ្លូវរថភ្លើង ស្តាររីហ្គារលូ ដើម្បីនាំទឹកឲ្យហូរបានលឿន ដើម្បីកាត់បន្ថយការជនលិចផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ។

យោងតាមផេកផ្លូវការ របស់រដ្ឋបាលខណ្ឌសែនសុខ បានឲ្យដឹងថា ដោយសារយប់មិញភ្លៀងមួយមេខ្លាំងជាហេតុធ្វើឲ្យមានការដក់ទឹកហូរមិនទាន់នៅតំបន់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈព្រះកុសៈមៈ ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារចុះពិនិត្យ និងដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយ តាមបណ្តោយផ្លូវរថភ្លើង ស្តាររីហ្គារលូ ដើម្បីនាំទឹកឲ្យហូរបានលឿន ទៅកាន់ស្ថានីយ៍បូមបុរី១០០ខ្នង បញ្ជៀសការលិចដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋតំបន់នេះ។

សូមរំលឹកផងដែរថា កាលពីយប់មិញមានភ្លៀងធ្លាក់មួយមេធំ ធ្វើឲ្យតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ មានជនលិចដោយជំនន់ទឹកភ្លៀង ដូច្នេះហើយគេសង្គេតឃើថា អាជ្ញាធរខណ្ឌមួយចំនួនបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងដាក់គ្រឿងចក្រដើម្បីកាយប្រឡាយដំដោះទឹកឲ្យហូរបានលឿន និងចុះកាយស្តាររីហ្គារលូណាដែលមានសំរាមកកស្ទះ៕ ដោយ៖ តុង សីហា

Leave a Reply

Your email address will not be published. Required fields are marked *