ឯកឧត្ដម ឯម ច័ន្ទមករា ជំរុញឲ្យម្ចាស់ជំនួយ ផ្ដល់អ្នកបច្ចេកទេសដល់អង្គការមួយចំនួនដែលដឹកនាំដោយជនមានពិការភាព

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឯកឧត្ដម ឯម ច័ន្ទមករា បានជំរុញទៅម្ចាស់ជំនួយឱ្យផ្ដល់អ្នកបច្ចេកទេសដល់អង្គការមួយចំនួនដែលដឹកនាំដោយជនមានពិការភាព ដើម្បីជួយកសាងសមត្ថភាពក្នុងការរៀបចំរចនាសម្ព័ន្ធ និងរបាយការណ៍ស្នើសុំជំនួយ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយទីប្រឹក្សាត្រួតពិនិត្យ និងវាយតម្លៃនៃកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្ដល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ នៅទីស្ដីការក្រសួងសង្គមកិច្ច ព្រឹកថ្ងៃអង្គារ៍ ទី២៣ ខែសីហានេះ ឯកឧត្ដម ឯម ច័ន្ទមករា បានលើកឡើងពីក្ដីបារម្ភលើការចាយវាយលើកិច្ចការរដ្ឋបាលដែលត្រូវបានចំណាយលើកិច្ចការរដ្ឋបាលច្រើនជាងជំនួយដែលត្រូវជួយដល់ជនមានពិការភាព ជាងនេះទៅទៀតអង្គការជនពិការមួយចំនួនដែលសមត្ថភាពនៃការរៀបចំរបាយការណ៍នៅមានកម្រិតគឺមិនទទួលបានជំនួយនោះទេ។

ឯកឧត្ដមថា៖ «ឧទាហរណ៍ថាអង្គការហ្នឹងគាត់មានគ្នាគាត់៥០០នាក់ហើយដល់យើងនៅតែវាយតម្លៃថាអង្គការហ្នឹងអត់មានរចនាសម្ព័ន្ធអីច្បាស់លាស់អត់មានការគ្រប់គ្រងច្បាស់លាស់យើងអត់ឱ្យលុយទៅ។ ហើយខ្ញុំធ្លាប់ផ្ដល់ជាយោបល់ថាមិចក៏ ACCESS មិនព្រមដាក់អ្នកបច្ចេកទេសទៅជួយក្រុមហ្នឹង។ ឧទាហរណ៍ក្រុមតន្រ្តីសំនៀងជនពិការរបស់លោក ចាប តូ គាត់មានកង្វះខាតគ្រប់គ្រងរដ្ឋបាលទូទៅ អញ្ចឹងគាត់ត្រូវដាក់អ្នកបច្ចេកទេសទៅជួយផ្នែកហិរញ្ញវត្ថុ ផ្នែកគ្រប់គ្រង និងរបាយការណ៍ទៅដើម្បីធ្វើមិចឱ្យអង្គការហ្នឹងមានភាពនឹងនរទៅគឺពេលហ្នឹងយើងឃើញថាលុយហ្នឹងចាយលើជនពិការពិតប្រាកដព្រោះនេះដឹកនាំដោយជនមានពិការជាក់ស្ដែង»។

ឯកឧត្ដមរដ្ឋលេខាធិការ និងជាអគ្គលេខាធិកាក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះបានបញ្ជាក់ថា ជាទូទៅការបែងចែកជំនួយគឺមានការចូលរួមពីក្រុមប្រឹក្សាសកម្មភាពជនពិការ តែអ្វីដែលលោកកត់សម្គាល់នោះគឺអ្នកសម្រេចទម្លាក់ជំនួយមិនព្រមទទួលយកអង្គការដែល DAC ណែនាំទៅ។

ឯកឧត្ដមថា៖ «គឺហាក់បីដូចជាគាត់ផ្ដល់ជំនួយលើអ្នកដែលមានលទ្ធភាពសរសេរ (របាយការណ៍) អញ្ចឹងអ្នកដែលអត់មានលទ្ធភាពសរសេរគឺគ្នានៅតែមិនអាចមានលទ្ធភាពទទួល»។

ឯកឧត្ដមស្នើដល់ការរៀបចំគម្រោងថ្មីនៃកម្មវិធី ACCESS គួរគិតគូរទៅលើអង្គការជនពិការណាដែលមិនមានលទ្ធភាពក្នុងការសរសេររបាយការណ៍។

ប្រធានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃកម្មវិធី ACCESS លោកស្រី Mai Urbano បានស្ដាប់ទទួលយកសំណើរទៅពិចារណា និងបានវាយតម្លៃខ្ពស់ចំពោះការងាររបស់ក្រសួងសង្គមកិច្ច ក៏ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការដែលបានជំរុញដល់កម្មវិធីឱ្យទទួលជោគជ័យជាបន្តបន្ទាប់មកដល់ពេលនេះ។

ឯកឧត្ដម ឯម ច័ន្ទមករា បានបញ្ជាក់ថាប្រសិនជាកម្មវិធី ACCESSS អាចជួយអង្គការដែលដឹកនាំដោយជនមានពិការភាពទាំងនោះបានគឺបានរួមចំណែកក្នុងការផ្ដល់ចំណេះដឹងអំពីការគ្រប់គ្រងការងារ ហើយថវិកាក៏ត្រូវបានទម្លាក់ទៅផ្ទាល់ដល់ជនមានពិការភាពដែលត្រូវការជំនួយផងដែរ។

ឯកឧត្ដមថា៖ «បានសេចក្ដីថាយើងអត់ចង់ឱ្យ ACCESS យកត្រីទៅឱ្យគាត់ទេគឺចង់ឱ្យដៃគូ ACCESS ទៅបង្រៀនគាត់ឱ្យចេះស្ទូចត្រីដើម្បីឱ្យពួកគាត់មាននិរន្តរភាពបាន»។

កម្មវិធី Australia-Cambodia Cooperation on for Equitable Sustainable Services (ACCESS) Program គឺជាគំនិតផ្តួចផ្តើមរយៈពេល៥ឆ្នាំ (២០១៨-២០២៣) ដែលធ្វើឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់តាមរយៈនាយកដ្ឋានក្រសួងការបរទេស និងពាណិជ្ជកម្ម (DFAT)។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ អូស្ត្រាលីបានសន្យាផ្តល់ជំនួយចំនួន ១៥លានដុល្លារអូស្ត្រាលីតាមរយៈកម្មវិធី ACCESS ដើម្បីបង្កើននិរន្តរភាព គុណភាព និងរួមបញ្ចូលសេវាកម្មសម្រាប់ជនមានពិការភាព និងសម្រាប់ស្ត្រីដែលរងផលប៉ះពាល់ដោយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV)។

ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលីមានគម្រោងបន្ថែមទឹកប្រាក់ចំនួន ១០លានដុល្លាអូស្ត្រាលីថែមទៀតតាមរយៈកម្មវិធី ACCESS សម្រាប់រយៈពេល ២ឆ្នាំទៀតទៅក្នុងកម្មវិធីរយៈពេល៥ឆ្នាំ (២០១៨-២០២៣) ដើម្បីឆ្លុះរួមចំណែកចំពោះការឆ្លើយតប និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលកម្ពុជា រួមទាំងអាទិភាពរបស់ខ្លួនលើការការពារសង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *