សម្តេចតេជោ ផ្តាំទៅក្រុមប្រឆាំងថា អំណាចនាយករដ្ឋមន្ត្រី មិនធ្លាក់ទៅអ្នកណាផ្សេង ក្រៅពីបក្សប្រជាជន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ ទៅមនុស្ស២នាក់ ដែលសម្តេចហៅជា យាយម្នាក់ និងអាខ្មៅម្នាក់ថា ទោះបីជានៅពេលសម្តេចអស់អំណាចជានាយករដ្ឋមន្ត្រីទៅ ក៏មិនអាចធ្លាក់ទៅអ្នកណាផ្សេង ក្រៅពីមន្រ្តីប្រជាជនកម្ពុជានោះទេ ដូច្នេះអ្នកផ្សេងដែលដេកសង្ឃឹម រាប់រយឆ្នាំខែមកនោះ កុំសង្ឃឹមបន្តទៀត។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ បានលើកឡើងថា មានលោកយាយម្នាក់ទាយពីជោគវាសនាសម្តេចថា សម្តេចនឹងបាត់អំណាចនៅពេលខាងមុខនេះ។ សម្តេចក៏តបទៅវិញថា ចំណុចនេះ គឺពិតប្រាកដ ហើយបើទាយហ៊ុន សែន នឹងស្លាប់គឺត្រឹមត្រូវទៀត ព្រោះករណីទាំង២នេះ ជៀសមិនផុតទេ ដោយសារនាយករដ្ឋមន្រ្តីពេលអនាគតគឺបានដឹងជាមុនហើយ ចំណែកការស្លាប់អ្នកក៏ស្លាប់ដែរ។

សម្តេចបញ្ជាក់ថា «ទាយថា ហ៊ុន សែន នឹងអស់អំណាចនោះ គឺត្រូវព្រោះច្បាស់ជាអស់ ហើយគ្មានអ្នកណាធ្វើនាយករដ្ឋមន្ត្រីដល់ថ្ងៃស្លាប់ ឬស្លាប់នៅតែនាយករដ្ឋមន្ត្រីនោះទេ គឺវាគង់តែបាត់។ ប៉ុន្តែសូមបញ្ជាក់ថា វាមិនធ្លាក់ទៅលើដៃពួកអ្នកណាផ្សេងក្រៅ ពីគណបក្សប្រជាជនកម្ពុជានោះទេ»។ ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា សម្តេចមិនអប់រំកូនឲ្យធ្វើជាចោរនោះទេ គឺបណ្តុះអប់រំកូនឲ្យមានសមត្ថភាពទើបសម្តេចដាក់ឲ្យដឹកនាំ។

សម្តេចបានគូសបញ្ជាក់ទៀតថា «សូមផ្តាំថា ហ៊ុន សែន នឹងបាត់អំណាច ព្រោះថាទោះបីមិនមែនជា ហ៊ុន ម៉ាណែតទៅចុះ ក៏មិនមែនធ្លាក់ទៅលើដៃពួកលោកឯងដែរ គឺច្បាស់ជាអ្នកនៅក្នុងគណបក្សប្រជាជនដដែលហ្នឹង»។

ព្រមជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងពីមនុស្សម្នាក់ដោយមិនចំឈ្មោះថា មានអាខៅ្មមួយនោះ (ព្រះសង្ឃប៊ុត ប៊ុនតិញ) បាននិយាយថា សាន្ត ប៊ុនធឿន មានចរិកកែមិនឡើង តែហ៊ុន សែនទេ ចរិកកែមិនឡើងនោះ ។ សម្តេចថា គឺ«ត្រឹមត្រូវទៀត» ។ សម្តេចគូសបញ្ជាក់ថា «ហ៊ុន សែន កែមិនឡើងព្រោះហ៊ុន សែនត្រូវការការពារសន្តិភាពសម្រាប់កម្ពុជាឲ្យមានការអភិវឌ្ឍ ។ ចង់ឲ្យកែបែបណា បើហ៊ុន សែន កំពុងឈរនៅទីនេះ ដើម្បីការពារជាតិ ការពារទឹកដី ដោយសន្តិភាព ការរស់រានមានជីវិតរបស់ប្រជាជន»។

សម្តេចក៏បានផ្តាំទៅអ្នកទាយទាំងនោះយ៉ាងដូច្នេះថា «សូមផ្តាំទៅវិញថា កុំសង្ឃឹម ថាហ៊ុន សែន កែចរិក មួយជីវិតរបស់ហ៊ុន សែនគឺនៅតែហ៊ុន សែន របស់កម្ពុជា សូមផ្តាំទៅអ្នកឯងឲ្យច្បាស់»៕

Leave a Reply

Your email address will not be published. Required fields are marked *