តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ បុរសបង់ក្លាដេស និងប្រពន្ធខ្មែរ ជាប់ពាក់ព័ន្ធការរត់ពន្ធ ជនជាតិបង់ក្លាដេស ១៦នាក់ ឆ្លងដែនខុសច្បាប់ មកធ្វើការនៅកម្ពុជា

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់បុរសជនជាតិបង់ក្លាដេសម្នាក់ និង ស្រ្ដីខ្មែរម្នាក់ ដែលជាប្តីប្រពន្ធនឹងគ្នា ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធ មនុស្សឆ្លងដែនខុសច្បាប់ ដោយធ្វើការលួចនាំចូលនូវពលករជនជាតិបង់ក្លាដេស ចំនួន១៦នាក់ មកធ្វើការក្នុងប្រទេសកម្ពុជា ដោយមិនស្របច្បាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២០។

លោកស្រី ខៀវ សុខា ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទទាំង២នាក់ ទី១-ឈ្មោះ MOHAMMAD JAHNGIR ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិបង់ក្លាដេស មុខរបរ ជានាយកក្រុមហ៊ុន CEB BIC CIES CO,Lld និងទី២-ឈ្មោះ ម៉ម សុខុម ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំង២នាក់ គឺត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោកស្រីចៅក្រម បានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កាត់ទោសដាក់ពន្ធនាគារកំណត់ ម្នាក់ ៧ឆ្នាំ ពីបទ: នាំចេញដោយមិនស្របច្បាប់ និងជ្រើសរើសដោយមិនស្របច្បាប់ សម្រាប់កេងប្រវ័ញ្ចន៍។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយធ្វើការឃាត់ខ្លួនពួកគេ សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ ជួយសង្គ្រោះបានជនរងគ្រោះ ជនជាតិបង់ក្លដេស ចំនួន ១៦នាក់ ក្នុងនោះ មានប្រុសចំនួន១៥នាក់ និង ស្រីម្នាក់។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា សំណរឿងក្តីនេះ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២៕

Leave a Reply

Your email address will not be published. Required fields are marked *