ភ្នំពេញ÷ក្រោមកិច្ចគាំទ្រពីការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងក្រោមកិច្ចសហការជាមួយសាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទើបនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥បានរៀបចំបាឋកថាពិធីបុណ្យសំពះព្រះខែរបស់ជនជាតិចិន ក្រោមអធិបតីភាពរបស់ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមចំនួន១២០នាក់មកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជននិងកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបថា សម្រាប់ប្រជាជាតិចិន បុណ្យសែនព្រះខែ ជាបុណ្យដ៏សំខាន់ទី២បន្ទាប់ពីបុណ្យនិទាឃរដូវ (បុណ្យចូលឆ្នាំ) ដោយទទួលទាននំព្រះខែនិងគយគន់រស្មីព្រះចន្ទរួមជាមួយពន្លឺចង្កៀងគោម ប្រជាជាតិចិនបានរួមគ្នាផ្សព្វផ្សាយពីគុណតម្លៃនៃការជួបជុំគ្រួសារ ចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍ ពន្លាតស្មារតីមិត្តភាព ភាតរភាព និងភក្តីភាពរវាងប្រជាជននិងប្រជាជន។ គោលបំណងសំខាន់នៃបាឋកថានាថ្ងៃនេះក៏ជាវេទិកាដ៏សំខាន់ក្នុងការតភ្ជាប់មូលធនមនុស្សលើវិស័យបេតិកភណ្ឌរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ផងដែរ។
លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានបង្ហាញការគាំទ្រនិងពេញចិត្តចំពោះទំនាក់ទំនងកម្ពុជាចិន ហើយកម្មវិធីថ្ងៃនេះនឹងជំរុញឱ្យប្រជាជននៃប្រទេសយើងទាំងពីរស្វែងយល់ពីគ្នាកាន់តែស៊ីជម្រៅថែម ជាពិសេសពិធីសែនព្រះខែ។
លោកស្រីចាង អ៊ីជី ទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជាចាត់ទុកព្រឹត្តិការណ៍នេះ ថាបានចូលរួមពង្រឹងចំណងមិត្តភាពកម្ពុជាចិនឱ្យកាន់តែរឹងមាំ ខណៈប្រទេសយើងទាំងពីរបានវប្បធម៌ដ៏ល្អដូចគ្នា។
ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា ការរៀបចំពិធីសែនព្រះខែនេះស្របពេលដែលប្រជាជនចិនកំពុងសាទរនូវសមិទ្ធផលមហិមារបស់ប្រទេសចិនក្រោមការដឹកនាំប្រកបដោយត្រីវិស័យអភិវឌ្ឍយ៉ាងជឿនលឿនរបស់បក្សកុម្មុយនិស្តចិនរយៈពេល៧៦ឆ្នាំកន្លងមក។ ឯកឧត្តមបានរំលេចថា កម្មវិធីនាថ្ងៃនេះក៏ជាការរួមចំណែកយល់ដឹងកាន់តែទូលំទូលាយពីគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលត្រូវបានបណ្តាប្រទេសនានាជាច្រើនរួមគ្នាជាមួយប្រទេសចិនប្រតិបត្តិរយៈពេល២ឆ្នាំកន្លងមកនេះដើម្បីបង្កើនកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះមិត្តចិនដែលបានរួមចំណែកយ៉ាងច្រើនក្នុងវិស័យវប្បធម៌ ជាពិសេសការចូលរួមចំណែកជួសជុលប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរថែមទៀតផង។
លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈបានថ្លែងថា កម្មវិធីនាថ្ងៃនេះបានបង្កើនកម្លាំងវិជ្ជមានកាន់តែខ្លាំងដល់តំណភ្ជាប់រវាងអរិយធម៌នៃប្រទេសយើងទាំងពីរ ព្រមទាំងការតភ្ជាប់ដ៏សំខាន់នៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន រយៈពេលជាង២០០០ឆ្នាំកន្លងមកនេះ។ លោកនាយកក៏បានថ្លែងនូវការសាទរដល់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍដែលតែងរួមចំណែកសាងស្ពានដ៏រឹងមាំដល់កិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ព្រមទាំងជាកតាលីករដ៏សំខាន់នៃការបង្កើនបរិមាណទេសចរជនជាតិចិនមកទស្សនាកម្ពុជា៕