ប្រសិនបើថៃចង់លុប MOU ឆ្នាំ២០០០ ជាឯកតោភាគី តើថៃអាចធ្វើបានដែរឬទេ?

MOU ឆ្នាំ២០០០ រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ គឺជាឯកសារមួយមានសារៈសំខាន់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះមានគោលបំណងសំខាន់ក្នុងការកំណត់តំបន់ព្រំដែន ការរក្សាសន្តិភាព និងការបង្កើតកម្រិតសហការដើម្បីដោះស្រាយបញ្ហាជម្លោះតាមបណ្តោយព្រំដែន។ ដោយសារតែភាពសំខាន់នៃ MOU ឆ្នាំ២០០០ ដូចនេះ សំណួរដែលកំពុងត្រូវបានលើកឡើងគឺថា៖ ប្រសិនបើថៃចង់លុប MOU ឆ្នាំ២០០០ ជាឯកតោភាគីមែន តើថៃអាចធ្វើបានដែរឬទេ?

ជាចំណងផ្លូវច្បាប់ និងកាតព្វកិច្ចរវាងរដ្ឋមួយតាមច្បាប់អន្តរជាតិ ចំពោះកិច្ចព្រមព្រៀងទ្វេភាគី គឺរដ្ឋមួយមិនអាចដកខ្លួនចេញឬលុបកិច្ចព្រមព្រៀង ជាឯកតោភាគីបានឡើយ លុះត្រាតែកិច្ចព្រមព្រៀង ឬ MOUនោះ មានចែងនិងបានកំណត់អំពីលក្ខខណ្ឌបញ្ចប់សុពលភាព ប៉ុន្តែករណី MOU ឆ្នាំ២០០០ រវាងកម្ពុជា-ថៃ នេះ មិនមានចែងដោយបានកំណត់សុពលភាពនោះទេ។

យោងតាមច្បាប់អន្តរជាតិ (អនុសញ្ញាទីក្រុងវីយែន ស្តីពីច្បាប់សន្ធិសញ្ញា ឆ្នាំ១៩៦៩) បានកំណត់ច្បាស់ថា កិច្ចព្រមព្រៀងណាមួយមិនអាចត្រូវបានបញ្ចប់ ឬផ្លាស់ប្តូរទេ លុះត្រាតែមានសេចក្តីព្រមព្រៀងឯកភាពរួមគ្នារវាងរដ្ឋនិងរដ្ឋទាំងពីរជាមុនសិន។ ពិតមែនតែជាកិច្ចព្រមព្រៀង MOU មែន ប៉ុន្តែ MOU ឆ្នាំ២០០០នេះគឺបានក្លាយទៅជាកិច្ចព្រមព្រៀងអន្តរជាតិទៅហើយ ដែលមានតម្លៃដូចទៅនឹងសន្ធិសញ្ញាដែរ និងថែមទាំងត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិ និងបានផ្សព្វផ្សាយជាផ្លូវការដោយអង្គការសហប្រជាជាតិស្របតាមមាត្រា១០២ នៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិទៅទៀត ព្រមទាំងមិនមានកាលបរិច្ឆេទផុតកំណត់ទៀតផង ។ ដូច្នេះមិនមានបទប្បញ្ញតិណាអាចអនុញ្ញាតិឲ្យភាគីឬរដ្ឋណាមួយអាចលុបចោលដោយឯកតោភាគីបានឡើយ។ដូច្នេះMOU ឆ្នាំ២០០០នេះនឹងមានសុពលភាពរហូតដល់ការវាស់វែងព្រំដែនគោករវាងកម្ពុជា-ថៃត្រូវបានបញ្ចប់ជាស្ថាពរ។

បើនិយាយអំពីផលប៉ះពាល់ផ្នែកនយោបាយក្នុងករណីដែលថៃប្រកាសបញ្ចប់ MOU ដោយឯកតោភាគីមែននោះ អាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ទៅលើស្ថិរភាពនយោបាយ ទំនាក់ទំនងទ្វេភាគី ទំនុកចិត្តនៅក្នុងតំបន់ អាស៊ាននិងអន្តរជាតិទាំងមូល។ សម្រាប់ផ្ទៃក្នុងប្រទេសថៃ ការមានចេតនាបែបនេះគ្រាន់តែ ដើម្បីអាចត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយបែបប្រជាភិថុតក្នុងការទាក់ទាញចំណាប់អារម្មណ៏ដើម្បីទទួលបានការគាំទ្រពីមហាជនឬក្រុមនយោបាយជាតិមួយចំនួនតូចរបស់ខ្លួនតែប៉ុណ្ណោះ។ ប្រសិនបើថៃប្រកាសលុបបញ្ចប់ MOU ដោយឯកតោភាគីនេះមែន នោះគឺវាជាការបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងអាចនាំឲ្យប្រទេសថៃជួបនូវវិវាទផ្លូវច្បាប់នៅតុលាការអន្តរជាតិជាមិនខាន។

MOU ឆ្នាំ២០០០ ត្រូវបានចុះហត្ថលេខាក្រោយពេលមិនមានការឯកភាពគ្នាលើចំនុចជាច្រើនស្តីអំពីបញ្ហាព្រំដែន ដែលប្រទេសទាំងពីរយល់ឃើញថា អាចបង្កឲ្យមានភាពតានតឹងខ្លាំងនៅតាមព្រំដែននៅពេលណាមួយ។ ដោយសារកិច្ចព្រមព្រៀងនេះហើយទើប ប្រទេសទាំងពីរបានសម្រេចបង្កើតគណៈកម្មការរួម ដើម្បីធ្វើការវាស់វែងខ្សែបន្ទាត់ព្រំដែន និងដើម្បីស្វែងរកដំណោះស្រាយវិវាទព្រំដែនដោយសន្តិវិធីចៀសវាងការប្រឈមមុខដាក់គ្នាដោយអាវុធនៅថ្ងៃក្រោយ។ នេះបង្ហាញថា MOU មិនត្រឹមតែជាឯកសារទូទៅទេ ប៉ុន្តែជាគ្រឹះដ៏សំខាន់ក្នុងការទប់ស្កាត់សង្គ្រាម និងបង្កើតសន្តិភាពរវាងប្រទេសទាំងពីរទៀតផង។

ជាញឹកញាប់គេតែងតែសង្កេតឃើញថាមានក្រុមជ្រុលនិយមថៃ មួយក្តាប់តូចតែងតែអះអាងថាទឹកកម្ពុជាមួយចំនួននៅតាមបណ្តោយព្រំដែនជារបស់ថៃ ដូច្នេះហើយទើបគេទាមទាឲ្យលុបMOU ឆ្នាំ២០០០នេះចោល ពោល បើទុកMOUនេះនឹងនាំឲ្យខាតបង់ផលប្រយោជន៏របស់ថៃ តែតាមពិត MOU ឆ្នាំ២០០០ មិនមែនចេះតែនិកឃើញអាចលុបចោលតាមអំពើចិត្តបាននោះទេ ដូច្នេះរដ្ឋាភិបាលថៃគួរតែទប់ស្កាត់ចលនាជ្រុលនិយមក្នុងការប៉ុនប៉ងចង់លុបMOUនេះហើយត្រូវរួមគ្នាថែរក្សាMOUឆ្នាំ២០០០នេះទុកក្នុងនាមជាគូភាគីហត្ថលេខី និងដើម្បីផលប្រយោជន៏របស់ប្រទេសជាតិរបស់យើងទាំងអស់គ្នា។

វានឹងរិតតែពុំគួរស្ថិតនៅក្នុងការសម្រេចចិត្តរបស់មេដឹកនាំប្រទេសថៃ ក្នុងជំនាន់ អានុធីន ដែលចេញមកបដិសេធ MOU ឆ្នាំ២០០០ តាមខ្សែញាក់របស់ក្រុមអ្នកតវ៉ាក្រោមហេតុផលការធ្វើប្រជាមតិ លុប ឬមិនលុបចោល MOU ឆ្នាំ២០០០នេះឡើយ។ សម្តីអះអាងរបស់នាយករដ្ឋមន្ត្រីថៃ អានុធីន គឺពិតជាបានបង្ហាញនូវភាពល្ងង់ខ្លៅផ្នែកច្បាប់អន្តរជាតិ និងក្នុងចេតនាបង្កជម្លោះឱ្យកាន់តែតានតឹងថែមទៀតរវាងប្រទេសទាំងបីរកម្ពុជា-ថៃ ។

Leave a Reply

Your email address will not be published. Required fields are marked *