អាល្លឺម៉ង់ អះអាងថា កំពុងធ្វើការជាមួយនឹងអាមេរិក លើបញ្ហាបំពង់បង្ហូរប្រេង Nord Stream 2

ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញ បានអះអាងថា ខ្លួននៅតែកំពុងបន្តធ្វើការជាមួយគ្នាអាមេរិកយ៉ាងជិតស្និទ្ធ ទៅលើកិច្ចការងារអនុវត្តកិច្ចព្រមព្រៀង Nord Stream 2 ដែលតភ្ជាប់បណ្តាញខាងក្រោមសមុទ្រប៉ាល់តិក ក្នុងការបញ្ចូនហ្គាសធម្មជាតិពីរុស្សីមកកាន់ប្រទេសរបស់ខ្លួន។

ក្រសួងការបទេសអាល្លឺម៉ង់ បានថ្លែងដែរថា នឹងបន្តសម្របសម្រួលជាមួយនឹងរដ្ឋាភិបាលអាមេរិក ក្នុងការអនុវត្តសេចក្តីប្រកាស និងគម្រោងបំពង់បង្ហូរប្រេងដែលមានតម្លៃរហូតទៅដល់១១ពាន់លានដុល្លារមួយនេះឲ្យបាន។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលលោក Joe Biden បានសម្រេចចិត្តដកបម្រាមទៅលើគម្រោងបំពង់បង្ហូរប្រេងនេះ កាលពីខែកក្កដាកន្លងមកប៉ុន្តែ កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ បានសម្រេចចិត្តដាក់ទណ្ឌកម្មផ្សេងទៀត សំដៅក្រុមហ៊ុនរុស្សីដែលមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Transadria Ltd ព្រមទាំងនាវាជាច្រើនផង។

អាល្លឺម៉ង់ធ្លាប់បានព្រមព្រៀងហើយថា នឹងចូលរួមជាមួយនឹងអាមេរិក ក្នុងការដាក់សម្ពាធដល់រុស្សី ប្រសិនបើរដ្ឋាភិបាលក្រុងមូស្គូពិតជាបានប្រើប្រាស់ថាមពលមួយនេះជាអាវុធមួយដែលអាចបំផ្លាញទំនាក់ទំនងជាមួយនឹងអ៊ុយក្រែន ប៉ុន្តែយោងតាមការវិភាគកន្លងមក គឺមិនមានលក្ខខ័ណ្ឌណាមួយ ដែលអាចបញ្ជាក់អះអាងពីបញ្ហានេះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *