គួរឱ្យអាសូរខ្លាំងណាស់! ទើបចូលធ្វើកម្មករបាន៣ថ្ងៃ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញ ៖ ក្មេងប្រុសអាយុទើបតែ១៤ឆ្នាំម្នាក់ បានបោះបង់ការសិក្សាមកធ្វើការសំណង់ជាមួយបងប្រុស ដើម្បីរកលុយផ្គត់ផ្គង់គ្រួសារ ទើបតែបានបីថ្ងៃប៉ុណ្ណោះ ស្រាប់តែពេលរាយខ្សែភ្លើងតដាក់អំពូលមិនប្រយ័ត្ន ក៏ត្រូវខ្សែភ្លើងដែលដាច់រលាត់សំបកឆក់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរបងដីឡូត៍មួយកន្លែង ក្រោយវត្តអង្គតាមិញ  តាមផ្លូវបេតុង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ រតនា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចប្បន្នស្នាក់នៅទីតាំងខាងលើ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះទើបតែមកធ្វើការជាមួយបងប្រុសបានត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ ហើយកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ជនរងគ្រោះត្រូវបានជនសង្ស័យលួចយកទូរស័ព្ទអស់មួយគ្រឿង ខណៈកំពុងដេកលង់លក់។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចូលទៅក្នុងរោង ដើម្បីដោះអំពូលមកដាក់បំភ្លឺនៅខាងក្រៅវិញ ស្រាប់តែត្រូវខ្សែភ្លើងឆក់ដួលនៅក្នុងទឹក ពេលនោះរូបគាត់ក៏បានរត់ទៅដកព្រីភ្លើងចេញ រួចក៏រត់មកជួយជនរងគ្រោះយកទៅកប់ដីខ្សាច់ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

តាមការពិនិត្យនឹងកាធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយត្រូវខ្សែភ្លើងឆក់ប្រាកដមែន។ សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *