លោក សុខ ឥសាន៖ កឹម សុខា ប្រកាសមិនជាប់ពាក់ព័ន្ធជាមួយ សម រង្ស៊ី ជាទំនាស់ផ្ទាល់ខ្លួន គ្មានពាក់ព័ន្ធភាគីទី៣

ភ្នំពេញ ៖ លោក សម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច នៅពីក្រោយនៃការប្រកាសលោក កឹម សុខា ថា មិនជាប់ពាក់ព័ន្ធនឹងលោកទៀតទេ។ ប៉ុន្តែលោក សុខ ឥសាន ក្នុងនាមជាអ្នកនាំពាក្យបក្សកាន់អំណាច បានចេញការពារ និងច្រានចោលទាំងស្រុងថា គ្មានការជាប់ពាក់ព័ន្ធនឹងភាគីទី៣ណាទេ តែនេះគឺជាទំនាស់រវាងលោក កឹម សុខា និងលោក សម រង្ស៊ី។

ការច្រានចោលរបស់លោកនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមបណ្តាញតេឡេក្រាម។ លោក សុខ ឥសាន បានលើកឡើងថា លោក សម រង្ស៊ីយកឈ្មោះលោក កឹម សុខា ទៅប្រើ ដើម្បីផលប្រយោជន៍ខ្លួន។ លោកថា ខ្លួនឯងបែកបាក់គ្នាមកបន្ទោសអ្នកដទៃ នេះសរបញ្ជាក់ថា លោក សម រង្ស៊ី គ្មានការទទួលខុសត្រូវ។

លោក សុខ ឥសាន បានថ្លែងថា “ការប្រកាសមិនឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ (សម រង្ស៊ី) ឈប់យកឈ្មោះ និងរូប កឹម សុខា ទៅប្រើប្រាស់បោកបញ្ឆោតគេឯង គឺជារឿងទំនាស់រវាង កឹម សុខា និងទណ្ឌិត សម រង្ស៊ី មិនពាក់ព័ន្ធនឹងភាគីទី៣ណាមួយទេ”។

លោកថា ការបែកបាក់ជាមួយលោក កឹម សុខា មានតាំងពីដើមទីមកម៉្លេះ តែលោក សម រង្ស៊ីទេ ជាអ្នកមិនទទួលស្គាល់ការពិត និងដាក់កំហុសលើអ្នកដទៃ។ លោក សុខ ឥសាន ឲ្យដឹងទៀតថា ការធ្វើនយោបាយមិនទទួលស្គាល់ការពិតនេះហើយ បានជាធ្វើឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ត្រូវបរាជ័យគ្រប់ជំហាន។

នៅថ្ងៃ២៨ ខែវិច្ឆិកា លោក កឹម សុខា ប្រកាសក្តែងៗក្នុងហ្វេសប៊ុកថា មិនជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ីទៀតទេ ពោលមិនមែនជាមនុស្សតែមួយ ជាមួយលោក សម រង្ស៊ី។ លោក កឹម សុខា ក៏បានព្រមានទៅលោក សម រង្ស៊ី និងបក្ខពួកឲ្យឈប់បំពានមកលើរូបលោក ដោយការយកឈ្មោះ និងរូបថតទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណៈមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។

ការប្រកាសនេះ ត្រូវបានលោក សុខ ឥសាន ថ្លែងឌឺដងថា ជាថ្ងៃញ៉ុករបស់លោក សម រង្ស៊ី គឺចប់ហើយ។

លោក សម រង្ស៊ី បន្ទាប់ពីការប្រកាសភ្លាមៗ របស់លោក កឹម សុខា មិនដល់មួយថ្ងៃស្រួលបួលផងនោះ បានថ្លែងបកទៅវិញថា “សេចក្តីថ្លែងការណ៍លោក កឹម សុខា ស្តីពីគណបក្សសង្គ្រោះជាតិ គឺជាលទ្ធផលនៃការគំរាមកំហែងពីសំណាក់សម្តេច ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុត ចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់”៕

Leave a Reply

Your email address will not be published. Required fields are marked *