យុវជនដែលជេរប្រមាថ និងគម្រាមវ៉ៃ នគរបាលចរណ៍ ត្រូវតំណាងអយ្យការ ចោទប្រកាន់ ៥បទល្មើស ប្រឈមជាប់គុក ៣ឆ្នាំ

ភ្នំពេញ ៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់យុវជនកម្រោលម្នាក់ ដែលបានជេរប្រមាថ មើលងាយ និងគម្រាមវ៉ៃលើមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ កាលពីថ្ងៃទី២៥ ខែវិច្ឆិកានោះ ចំនួន៥បទល្មើស និងប្រឈមជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ប្រសិនបើតុលាការ រកឃើញពីពិរុទ្ធភាពនោះ។

លោក ប្លង់ សុផល ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យស្ថាប័នអយ្យការ បានថ្លែងឲ្យដឹងនៅថ្ងៃសៅរ៍នេះថា “ករណីខាងលើនេះ តំណាងអយ្យការបានបើកការស៊ើបសួរ ពីបទ បើកបរយានយន្តមិនព្រមបញ្ឈប់ យានយន្តតាមបញ្ជារបស់ មន្រ្តីនគរចរាចរណ៍ផ្លូវគោក, បទរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរសាធារណៈ, បទហិង្សាដោយចេតនា, បទប្រមាថ និង បទប្រឆាំងនឹងអ្នករាជការសាធារណៈ តាមមាត្រា ៧៦ និងមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ២១៧ មាត្រា ៥០២ និងមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ”។

មន្ត្រីគរបាលចរាចរណ៍រាជធានីភ្នំពេញ បានឱ្យដឹងថា យុវជនត្រូវចោទរូបនេះ មានឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន។

គាត់ត្រូវបានចាប់ខ្លួន កាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីគាត់បានជេរប្រមាថ និងគម្រាមវ៉ៃតប់ ទៅលើមន្ត្រីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកម្នាក់ ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២​​​ ខណ្ឌមានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *