ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀនគ្រោងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

បន្ទាយមានជ័យ៖ ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន គ្រោងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខណៈពេលដែលភាគីថៃបានបញ្ចប់នីតិវិធីផ្ទៃក្នុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វាររបស់ពួកគេចប់រួចរាល់។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ ភាគីកម្ពុជាបានបញ្ចប់រួចរាល់ ១០០% លើការសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលជាច្រកខាងភាគីកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យយានយន្ត អាចដឹកទំនិញឆ្លងកាត់ច្រកទ្វារអន្តរជាតិនេះបាន។
យ៉ាងណាមិញ ច្រកទ្វារអន្តរជាតិនេះ នៅពុំទាន់អាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការបាននៅឡើយទេ ដោយហេតុថា ត្រូវរង់ចាំភាគីថៃបញ្ចប់នីតិវិធីផ្ទៃក្នុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វាររបស់ខ្លួន។


ជាមួយគ្នាផងដែរ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងប្រតិភូអមដំណើរ បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ និងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យ និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួននៅក្នុងតំបន់នោះ។
នៅក្នុងដំណើរទស្សនកិច្ចនេះ គឺត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអង្គប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពី កន្លងទៅ រវាងកម្ពុជា-ជប៉ុន ដើម្បីអាចឱ្យភាគីជប៉ុនតាមរយៈ JICA អាចទទួលបាននូវវឌ្ឍនភាពច្បាស់លាស់ជាក់ស្ដែង នៃគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន។
បន្ទាប់ពីបញ្ចប់ការចុះពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀនរួចរាល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានឆ្លៀតឱកាសចុះពិនិត្យមើលវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ រួមមាន តំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត។


ការចុះពិនិត្យវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការថែទាំវិស័យឯកជន ព្រមទាំងស្វែងយល់អំពីបញ្ហាប្រឈម និងតម្រូវការនានារបស់វិនិយោគិន ដែលជាកម្លាំងចលករសំខាន់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួន ៥៨២២កន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *