ធំក្លិនស្អុយទៀតហើយ! ដីព្រៃភ្នំអង្គុញ នៃសហគមន៍ផ្តៅ កំពុងប្រឈមនឹងហានិភ័យរលាយបាត់បង់ ពីដីរបស់រដ្ឋ មកជាដីរបស់ឯកជនវិញ

កំពត ៖ បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ព្រែកត្នោត បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដីព្រៃរបស់រដ្ឋនៅចំណុចភ្នំអង្គុញ ស្ថិតនៅភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ត្រូវបានគេជួលក្រុមកម្មករមកកាប់ព្រៃធ្វើរបង និងកាយព្រំធ្វើផ្លូវហ៊ំុព័ទ្ធដីបំណងយកធ្វើជាកម្មសិទ្ធិឯកជន ដែលគេថា សង្ស័យជាដីនៃឧទ្យានជាតិ។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់កំពុងមានការព្រួយបារម្ភនូវដីរបស់រដ្ឋ ដែលប្រឈមនឹងការរលាយបាត់បង់ ព្រោះតែការទន្រ្ទកាន់កាប់ជាឯកជន ពីសំណាក់ក្រុមឈ្មួញដី អ្នកមានលុយ មានអំណាច ពីសំណាក់មន្ត្រីធំៗ ជាមួយការដាំបង្គោលរបងព្រំដី និងមានការកាប់ឆ្កាដុត កាយប្រឡាយធ្វើផ្លូវហ៊ុំព័ទ្ធយកដីនោះតែម្តង។ មិនតែប៉ុណ្ណោះ ម្ចាស់ដីអ្នកមានលុយ បានជួលប្រជាពលរដ្ឋឲ្យនៅចាំមើលដីឲ្យខ្លួននៅទីនោះទៀតផង។

ពាក់ព័ន្ធករណីមានកម្មករកាប់ឆ្ការដុតព្រៃកាយប្រឡាយធ្វើផ្លូវហ៊ំុព័ទ្ធយកដី សង្ស័យជាដីឧទ្យានជាតិនោះ អង្គភាពយើងក៏បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានផ្តល់ឲ្យមកថា គឺជាជាប្រពន្ធលោកចៅសង្កាត់ព្រែកត្នោត ជាអ្នកទិញដីតំបន់នោះ រួមទាំងអ្នកផ្សេងទៀត បានជួលកម្មករកាប់ព្រៃដុតដាំបង្គោលរបងថែមទៀត តែពួកគាត់មិនដឹងថា គេមានច្បាប់កាន់កាប់ ឬដីគេមានប្លង់អីត្រឹមណានោះ ឬក៏អត់ប្លង់នោះទេ។

ប្រភពបន្តឲ្យដឹងទៀតថា កន្លែងដីដែលគេកាប់ឆ្ការដុតធ្វើរបងនោះ ពួកគាត់ជាប្រជាពលរដ្ឋរស់នៅទីនោះ ក៏ធ្លាប់នាំគ្នាទៅកាប់ឆ្ការធ្វើចំការវិលជុំដាំស្រូវ ក៏ដូចជាដំណាំដើមឈើហូបមាន៖ ស្វាយ ខ្នុ ដូង ល្ហុង ស្វាយចន្ទី ចេក អំពៅ និងបានធ្វើរបងជាដើម តែត្រូវក្រុមមន្ត្រីជំនាញខាងបរិស្ថាន ចុះទៅហាមឃាត់មិនពួកគាត់អាស្រ័យផលនៅលើដីទីនោះឡើយ និងបានរុះរើរបងកាប់បំផ្លាញ់ផលដំណាំចោលទាំងអស់ តែពួកគាត់តូចចិត្តមិនបន្ទោសមន្ត្រីបរិស្ថានទេ បើការពារទុកជារបស់រដ្ឋនោះ តែសព្វថ្ងៃនេះហេតុអ្វីគេកាប់ឆ្ការដុតហុយផ្សែងងងឹតពេញមេឃ និងបានដាំបង្គោលរបងព័ទ្ធលួសបន្លាខ្វែងខ្វាត់ពេញបានទៅវិញ?

ក្រោយពីក្រសួងបរិស្ថាន ចេញលិខិតជំរាបជូនមក ឯកឧត្តម លោកជុំទាវ អភិបាល នៃគណៈអភិបាលខេត្ត ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្មវត្ថុ៖ សំណើសុំអន្តរាគមន៍ចាត់វិធានការ ឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នៅរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំប្រើប្រាស់ប័ណ្ណកាន់កាប់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហញទីតាំងដីជាអាទ៌ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ។

បន្ទាប់មកលោក គង់ ប៊ុនរា មេឃុំព្រែកត្នោត ក៏បានចេញលិខិតបដិសេធមោឃភាព លើការចុះហត្ថលេខារបស់លោកកន្លងមក ទៅលើឯកសារលិខិតស្នើសុំផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិតស្នើសុំប្រើប្រាស់ដីធ្លី លិខិតទិញលក់ ប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ ដែលស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៃតំបន់ឧទ្យានជាតិបូកគោ ធ្វើនៅថ្ងៃសុក្រ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះរួចហើយដែរ។

ពាក់ព័ន្ធនិងដីព្រៃត្រូវបានគេដុតឈូសឆាយកាប់ឆ្ការរុករានទន្រ្ទានយកនេះ ប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅបានដាក់ជាចម្ងល់ថា តើមន្ត្រីជំនាញបរិស្ថានបានអនុវត្តច្បាប់មានភាពស្មើរគ្នាដែរឬអត់? ព្រោះថា ប្រជាពលរដ្ឋទីទាល់ក្រខ្វះខាត គ្មានលុយ គ្មានអំណាច គ្មានខ្សែខ្នងធំ ពេលពួកគាត់ទៅចាប់ដីកាប់ឆ្ការសង់ខ្ទម ផ្ទះ រោងស្នាក់នៅនោះ គឺត្រូវមន្ត្រីបរិស្ថានចុះទៅរុះរើវ៉ៃកម្ទេចដុតបំផ្លាញចោលអស់ហើយ បើចាប់បានវិញខ្លះធ្វើសន្យាឲ្យបញ្ឈប់សកម្មភាព ខ្លះទៀតត្រូវចាប់បញ្ជូនទៅតុលាការ ជាប់គុកជាប់ច្រវ៉ាក់ទៀតផង តែបើអ្នកមានលុយមានអំណាចខ្សែខ្នងគ្នាគេ គឺមិនបង្ក្រាបឡើយ ប្រជាពលរដ្ឋស្នើសុំឲ្យមានការអនុវត្តច្បាប់ឱ្យស្មើរសិទ្ធិគ្នាចំពោះមុខច្បាប់ ព្រោះដីរបស់រដ្ឋ គឺការពារដោយច្បាប់ និងសូមសំណូមពរទៅដល់លោកប្រធានមន្ទីរបរិស្ថានខេត្តកំពត និងឯកឧត្តមទេសរដ្ឋមន្ត្រី សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់មន្ត្រីចុះពិនិត្យអង្កេតស្រាវជ្រាវ ថាតើដីនៅតំបន់ដែលប្រជាពលរដ្ឋលើកឡើងខាងលើនោះ វាស្ថិតនៅក្នុងតំបន់ការពារឧទ្យានជាតិដែរឬទេ ហើយបានធ្វើការកាត់ឆ្វៀលពីតំបន់ការពាររួចឬនៅ ហើយដីនោះបានចេញប្លង់កម្មសិទ្ធិឬនៅ ហើយក៏សូមអំពាវនាវអាជ្ញាធរ និងមន្ត្រីជំនាញដែលពាក់ព័ន្ធមេត្តាជួយស៊ើបអង្កេតស្រាវជ្រាវឲ្យបានច្បាស់លាស់ដើម្បីធានាបាននូវទ្រព្យសម្បត្តិរដ្ឋឲ្យនៅគង់វង់មកប្រើប្រាស់ជាប្រយោជន៍រួម បើមិនដូច្នោះទេ ដីរបស់រដ្ឋសម្បត្តិធនធានរបស់រដ្ឋ នឹងក្លាយទៅជារបស់ឯកជនជាក់ជាមិនខាន។

ពាក់ព័ន្ធនិងករណីខាងលើនេះ ជាមួយអង្គភាព csndaily នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក គង់ ប៊ុនរា មេឃុំព្រែកត្នោត បានប្រាប់ឲ្យដឹងថា «រឿងនេះលោកធ្លាប់បានចេញលិខិតមោគភាពលើការទិញលក់ផ្សេងៗនៅទីតាំងដីនេះរួចហើយ។ លោកថា ព្រោះជាដីរបស់រដ្ឋ ហើយខាងជំនាញបរិស្ថានកំពុងស្រាវជ្រាវដើម្បីអនុវត្តច្បាប់ទៀតផង»។ «ចំពោះរឿងដែលថា ប្រពន្ធរបស់លោកជាអ្នកជួលប្រជាពលរដ្ឋឲ្យទៅកាប់ឆ្ការឈួសឆាយដី និងជាអ្នកទិញដីដែលស្ថិតនៅតំបន់ឧទ្យានជាតិខាងលើនោះ លោកមេឃុំបានប្រាប់ថា គឺមិនមែនទេ»។

ចំណែកលោក អេង ប៊ុនឡូ ប្រធានមន្ទីរបរិស្ថានខេត្ត បានប្រាប់អង្គភាពយើងឲ្យដឹងដែរថា «លោកនិងចាត់មន្ត្រីរបស់លោកឲ្យចុះពិនិត្យមើលថាតើទីតាំងខាងលើនោះ កំពុងមានការកាប់ឈួសឆាយរំលោភយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនពិតដែរឬទេ»។

នៅព្រឹកថ្ងៃដដែលនោះ លោក អឹង ឆាយ អភិបាលរងខេត្តកំពត និងជាអ្នកនាំពាក្យសាលាខេត្តកំពត បានឲ្យដឹងដែរថា «លោកមិនទាន់ទទួលព័ត៌មាននេះទេ លោកថាសូមសួរទៅខាងជំនាញពាក់ព័ន្ធ»។ ដោយឡែកលោក ប៉ឹល កុសល អភិបាលរងខេត្តកំពត បានប្រាប់អង្គភាព csndaily ថា «សូមសួរទៅអភិបាលក្រុងបូកគោ ព្រោះលោកជាប់រវល់»៕ ដោយ៖ សហការី

Leave a Reply

Your email address will not be published. Required fields are marked *