Smith Rowe របស់ Arsenal ត្រូវអវត្តមានរហូតដល់ខែធ្នូ បន្ទាប់ពីវះកាត់ក្រលៀន

ឡុងដ៍ ៖ ខ្សែបម្រើរបស់ក្លិបកាំភ្លើងធំ Arsenal កីឡាករ Emile Smith Rowe បានទទួលការវះកាត់បញ្ហារបួសក្រលៀន ហើយនឹងមិនអាចធ្វើការហ្វឹកហាត់នោះទេ រហូតដល់យ៉ាងហោចណាស់ខែធ្នូ។ នេះបើតាមការឲ្យដឹងពីក្រុមនាំមុខគេនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

កីឡាករវ័យ ២២ឆ្នាំរូបនេះ ត្រូវបានដាក់ចូលលេងក្នុងរដូវកាលនេះ ដោយបានចូលលេងក្នុងនាមជាកីឡាករបម្រុងចំនួន ៤លើកប៉ុណ្ណោះ។ ការលេងចុងក្រោយរបស់លោក គឺជាការប្រកួតប៉ះក្រុម Manchester United កាលពីដើមខែនេះ។

«បន្ទាប់ពីការពិគ្រោះយោល់ជាមួយអ្នកឯកទេស និងជាមួយក្រុមវេជ្ជបណ្ឌិតរបស់យើង Emile បានទទួលការវះកាត់ ដើម្បីព្យាបាលសរសៃពួរដែលខូចខាត ក្នុងក្រលៀនរបស់លោក» នេះបើតាមក្លិប Arsenal បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

«ការវះកាត់បានធ្វើឡើងនៅទីក្រុង London ប៉ុន្មានថ្ងៃមុន ហើយកម្មវិធីស្តារនីតិសម្បទារបស់ Emile បាននឹងកំពុងធ្វើឡើង។ យើងរំពឹងថា Emile នឹងអាចវិលត្រឡប់មកហ្វឹកហាត់ពេញលេញវិញនៅខែធ្នូខាងមុខ»។

សូមជម្រាបថា ការប្រកួតបន្ទាប់របស់ Arsenal គឺនឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur ជាការប្រកួតក្នុងលីគនៅថ្ងៃសៅរ៍ស្អែកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *