លោក ពូទីន ទទួលស្គាល់ឯករាជ្យ នៃតំបន់របស់អ៊ុយក្រែន ចំនួន២ ក្រោយប្រជាមតិទើបបញ្ចប់ប៉ុន្មានថ្ងៃ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ឯករាជ្យភាពនៃតំបន់ Zaporizhzhia និង Kherson របស់អ៊ុយក្រែន នេះបើយោងតាមក្រឹត្យរបស់ប្រធានាធិបតីដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា។

លោក ពូទីន បានរៀបរាប់នៅក្នុងក្រឹត្យថា៖ «ខ្ញុំបញ្ជាឱ្យមានការទទួលស្គាល់អធិបតេយ្យភាពរដ្ឋ និងឯករាជ្យភាពនៃតំបន់ Zaporizhzhia និង Kherson ដែលមានទីតាំងនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈរុស្ស៊ីរៀបចំដាក់បញ្ចូលតំបន់ទាំងពីរជាផ្លូវការ រួមជាមួយនឹង Donetsk និង Lugansk នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា»។ ទីក្រុងក្រុងម៉ូស្គូ បានអះអាងថា ខ្លួននឹងបញ្ចូលតំបន់កាន់កាប់ចំនួនបួន របស់អ៊ុយក្រែន ក្នុងពិធីដ៏ធំមួយនៅវិមានក្រែមឡាំង នៅថ្ងៃសុក្រ។

អ្នកនាំពាក្យវិមានក្រែមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ការបញ្ចូលតំបន់នានានឹងត្រូវធ្វើឡើងជាផ្លូវការនៅក្នុងពិធី ហើយថាលោក ពូទីន នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយ។ លោក ពូទីន បានគំរាមប្រើអាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដី។ ប៉ុន្តែការគម្រាមកំហែងមិនបានរារាំងការវាយបករបស់អ៊ុយក្រែនដែលកំពុងវាយរុញច្រានកងទ័ពរុស្ស៊ីនៅភាគខាងកើត និងស្ថិតនៅព្រំដែននៃតំបន់ Donetsk នៃទីក្រុង Lyman ដែលកងកម្លាំងរបស់ទីក្រុងម៉ូស្គូបានវាយលុកអស់ជាច្រើនសប្តាហ៍មុនពេលដណ្តើមបាននៅរដូវក្ដៅនេះ។

មេដឹកនាំដែលដំឡើងដោយវិមានក្រែមឡាំងនៃតំបន់ទាំងបួនរបស់អ៊ុយក្រែនដែលបានអង្វរលោក ពូទីន សម្រាប់ការបញ្ចូលតំបន់ទាំងនោះចូលរួមជាមួយរុស្ស៊ីក្នុងសប្តាហ៍នេះ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍មុនពេលពិធីនៅក្រុងមូស្គូធ្វើឡើង។ សំណើរបស់ពួកគេបានកើតឡើង បន្ទាប់ពីពួកគេបានអះអាងថាអ្នកស្រុកបានគាំទ្រជាឯកច្ឆន្ទចំពោះការផ្លាស់ប្ដូរនេះនៅក្នុងការបោះឆ្នោតប្រជាមតិដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់។ ការបោះឆ្នោតប្រជាមតិ ដែលត្រូវបានច្រានចោលដោយទីក្រុងកៀវ និងលោកខាងលិចថាខុសច្បាប់ ក្លែងបន្លំ និងចាត់ទុកជាមោឃៈ។

ជុំវិញការធ្វើប្រជាមតិនេះ អ៊ុយក្រែនបានបញ្ជាក់ថា ការឆ្លើយតបដ៏សមស្របតែមួយគត់ពីលោកខាងលិចគឺវាយលុករុស្ស៊ីដោយការដាក់ទណ្ឌកម្មបន្ថែមទៀត និងផ្គត់ផ្គង់ដល់កងកម្លាំងអ៊ុយក្រែនជាមួយនឹងអាវុធបន្ថែមទៀតដើម្បីរក្សាការទាមទារទឹកដីឡើងវិញ។

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (Joe Biden) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «សហរដ្ឋអាម៉េរិកនឹងមិនដែលមិនទទួលស្គាល់ការទាមទាររបស់រុស្ស៊ីលើទឹកដីអធិបតេយ្យភាពអ៊ុយក្រែនឡើយ»។ ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានច្រានចោលផែនការឧបសម្ព័ន្ធរបស់លោក ពូទីន ដោយថ្កោលទោសថាជា ការកើនឡើងដ៏គ្រោះថ្នាក់ក្នុងសង្គ្រាមនៅអឺរ៉ុបខាងកើត។ ហើយវាជារឿងមិនអាចទទួលយកបានសម្រាប់ពិភពទំនើប៕

Leave a Reply

Your email address will not be published. Required fields are marked *