លោក ឃួង ស្រេង៖ ជំរុញឲ្យអាជ្ញាធរចាត់វិធានការឲ្យបានម៉ឺងម៉ាត់លើការរៀបចំសណ្ដាប់ធ្នាប់ តាមដងទន្លេ និងនៅតាមដងផ្លូវសាធារណៈ ពិសេសនៅរាជធានីភ្នំពេញទាំងមូល

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរទាំងអស់ពិសេស អាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រនិងមូលដ្ឋាននៅតាមដងទន្លេត្រូវមានវិធានការអោយបានម៉ឺងម៉ាត់លើការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលយើងបានបើកប្រទេសឲ្យប្រក្រតីឡើងវិញ។

ដោយឡែក ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវក៏ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ និងរៀបចំឲ្យបានល្អប្រសើរផងដែរ។

ការជំរុញនិងណែនាំបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference ) ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងប្រដាប់អាវុធចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញនិងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត  នៅរសៀលថ្ងៃទី២៥ វិច្ឆិកា ២០២១ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ចំពោះចំណាត់ការនៃការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេនាពេលកន្លងមក គឺពិតជាទទួលបាននូវការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងទទួលបានការកោតសរសើរពីអន្តរជាតិផងដែរ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់លើការទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយ តាមដងទន្លេនេះកើតឡើងវិញ។ អាជ្ញាធរខណ្ឌត្រូវតែយកចិត្តទុកដាក់នឹងចុះពិនិត្យជាប្រចាំនៅតាមដងទន្លេនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឲ្យមានការកើតឡើងវិញនូវសំណង់មិនរៀបរយតាមដងទន្លេនេះឡើយ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា ការអនុវត្តការងារលើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេ ទទួលបាននូវភាពជោគជ័យនេះ គឺពិតជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនិងការខិតខំប្រឹងប្រែងរបស់អាជ្ញាធររបស់យើង ។ ដូច្នេះលោកស្នើឲ្យយើងបន្តកិច្ចការងារនេះឲ្យបានប្រសើរថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យដងទន្លេរបស់យើងមានសណ្តាប់ធ្នាប់របៀបរៀបនិងមានបរិស្ថានល្អប្រសើរ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេគឺជាផ្នែកមួយហើយ ប៉ុន្តែការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវគឺជារឿងមួយទៀត ដែលអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ត្រូវចូលរួមអនុវត្ត ធ្វើយ៉ាងណាឲ្យការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ឲ្យមានសោភ័ណភាពល្អប្រសើរ សមជារាជធានីភ្នំពេញដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *