លែងមេពូជត្រី និងកូនត្រីពូជចំនួន៦ម៉ឺនក្បាល នៅក្នុងអាងទឹកឈ្វាំង ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ

កំពង់ឆ្នាំង ៖ ត្រីមេពូជ និង កូនត្រីពូជ ៧ប្រភេទ ចំនួន៦ម៉ឺនក្បាល ត្រូវបានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង យកទៅលែង នៅអាងទឹកឈ្វាំង ស្ថិតនៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអបអរ សាទរ ទិវាមច្ឆជាតិ ១កក្កដា។

ពិធីលែងកូនត្រី និងមេត្រីពូជ នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងទិវាមច្ឆជាតិនាឆ្នាំនេះ ខេត្តកំពង់ឆ្នាំងបានលែងកូនត្រីពូជ និង មេពូជត្រី៦ម៉ឺនក្បាល ចូលទៅក្នុងអាងទឹកឈ្វាំង ស្ថិតក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានត្រីរ៉ស់ ត្រីអណ្តែង ត្រីក្រាញ់ ត្រីខ្យា ត្រីព្រលូង ត្រីកាហែ។

លោក ងិន ហ៊ុន បានមានប្រសាសន៍ឱ្យដឹងទៀតថា ដើម្បីការពារនិងអភិរក្សធនធានជលផល ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានហការជាមួយអាជ្ញាធរ សមត្ថកិច្ច កងកម្លាំង ក្នុងការបង្រ្កាប និង ទប់ស្កាត់បទល្មើសនានាដែលបានកើតឡើងនៅក្នុងមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង  ជាក់ស្តែងបានបង្រ្កាបបទល្មើសជលផល១៣២ករណី មានរបាំងស្បៃមុង ២៨៤កន្លែង លូស្បៃមុង២៩៤លូ របាំងសាច់អួន ចំនួន២២៥កន្លែង លូសាច់អួន ៣១៤លូ  សម្រាស់១៧៧កន្លែង និង ចាក់លែងកូនត្រីក្នុងដែន នេសាទបាន១៥៧០គីឡូក្រាម។

ឯកឧត្តម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាការប្រារព្ធពិធីលែងកូនត្រីពូជ ដែលបានរៀបចំឡើងនាពេលនេះ គឺដើម្បី បំផុសមហាជនឱ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលឱ្យមានភាពប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្មវិធីកំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទាំងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅឱ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ។ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍បញ្ជាក់ទៀតថា ដើម្បីធានាបាននូវនិរន្តរភាពធនធានជលផល អាជ្ញាធរមន្រ្តីជំនាញ ត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តនានា ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ត្រូវធ្វើការបង្ក្រាបបទល្មើសនេសាទឲ្យមាន ប្រសិទ្ធិភាព ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ទីរពាក់ព័ន្ធ។ ធ្វើការបំផុសការអភិវឌ្ឍន៍ វារីវប្បកម្ម ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែល បានបង្កើតរួចហើយឲ្យបានរឹងមាំ។ ត្រូវចាត់វិធានការ លើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ជាពិសេសគឺធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនកុំឲ្យធ្វើការនេសាទខុសច្បាប់ ដែលនាំឲ្យ វិនាសពូជត្រីទាំងស្រុងនាពេលអនាគត។

ការអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាការធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងពេលបច្ចុប្បន្ន ដោយមិនបង្កឲ្យមានវិនាសកម្មដល់ថ្ងៃអនាគត។ ថ្ងៃនេះយើងបានបំពេញបន្ថែមឱ្យទៅធម្មជាតិវិញ ក្នុងគោលបំណងស្តារតុល្យភាពរវាងការអភិវឌ្ឍន៍និងការអភិរក្ស តាមរយៈការធានានិរន្តរភាព នៃជីវៈចម្រុះដើម្បីចីរភាពប្រព័ន្ធអេកូឡូហ្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *