ប្រាក់ចំណូល Meta ធ្លាក់ចុះជាលើកដំបូង និងមិនធ្លាប់មាន ដោយសារអតិផរណារារាំងការលក់ការផ្សាយពាណិជ្ជកម្ម

បរទេស ៖ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមហ៊ុន Meta Platform Inc ដែលជាមេធំរបស់ Facebook បានចេញការព្យាករណ៍ដ៏អាប់អួរមួយ បន្ទាប់ពីទទួលបានលទ្ធផលនៃប្រាក់ចំណូលប្រចាំត្រីមាសទី២ របស់ខ្លួនធ្លាក់ចុះជាលើកដំបូងនៅថ្ងៃពុធម្សិលមិញនេះ ជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ចទូទាំងពិភពលោក និងសម្ពាធដ៏ខ្លាំងក្លា ដែលជាហេតុថ្លឹងថ្លែងលើការលក់សរុបនៃការផ្សាយពាណិជ្ជកម្មឌីជីថលរបស់ខ្លួន។

តាមរបាយការណ៍បានបង្ហាញឱ្យឃើញថា ភាគហ៊ុនរបស់ Meta បានធ្លាក់ចុះខ្ទង់ ៤.៦ភាគរយគិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ ខណៈ Meta ផ្ទាល់រំពឹងថាប្រាក់ចំណូលនៅត្រីមាសទី៣ នឹងនៅតែបន្តធ្លាក់ចុះមកត្រឹម ២៦ពាន់លានដុល្លារ និង ២៨.៥ពាន់លានដុល្លារអាមេរិក ដែលនឹងធ្វើឱ្យវាធ្លាក់ចុះជាលើកទីពីរ ពីមួយឆ្នាំទៅមួយឆ្នាំជាប់ៗគ្នា។

យ៉ាងណាមិញប្រាក់ចំណូលសរុបដែល Meta រកបាននៅត្រីមាសទី២ ពីការលក់ការផ្សាយពាណិជ្ជកម្មត្រូវបានគេឱ្យដឹងថា បានធ្លាក់ចុះខ្ទង់ ១ភាគរយមកនៅត្រឹមតែ ២៨.៨ពាន់លានដុល្លារគិតត្រឹមថ្ងៃទី៣០ ខែមិថុនា បើធៀបនឹង ២៩.១ពាន់លានដុល្លារដែលរកបានកាលពីឆ្នាំមុន។ ជាមួយនឹងតួរលេខនេះធ្វើឱ្យការព្យាករណ៍របស់ Wall Street មានការខកចិត្តបន្តិចដែលបានប៉ានប្រមាណថា ក្នុងត្រីមាសទី២ មុននេះនឹងអាចរកបានចំនួន ២៨.៩ពាន់លានដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ Meta ក៏បានចេញផ្សាយពីលទ្ធផលកំណើនរបស់ Facebook ផងដែរ។ ដោយក្នុងនោះអ្នកប្រើប្រាស់សកម្មប្រចាំខែនៅលើបណ្តាញសង្គម Facebook បានកើនឡើងតិចតួចប៉ុណ្ណោះ ប្រមាណ ១ភាគរយ មានចំនួន ២.៩៣ពាន់លាននាក់ដែលវាស្ថិតនៅក្រោមការរំពឹងទុករបស់អ្នកវិភាគ ខណៈអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃបានយកឈ្នះការប៉ាន់ស្មានដោយមានចំនួន ១.៩៧ពាន់លាននាក់។

ជាក់ស្តែងវាមិនខុសអីពីក្រុមហ៊ុនធំៗលំដាប់សកលលោកជាច្រើនផ្សេងទេ បច្ចុប្បន្ននេះ Meta កំពុងតែប្រឈមមុខនឹងសម្ពាធប្រាក់ចំណូលមួយចំនួនពីប្រាក់ដុល្លារ ដោយសារតែការលក់ជារូបិយប័ណ្ណបរទេសទទួលបានតម្លៃទាបជាងបើគិតជាប្រាក់ដុល្លារ។ ដូច្នេះបើផ្អែកលើអត្រាប្តូរបច្ចុប្បន្ននេះ Meta ផ្ទាល់រំពឹងថានឹងមានកំណើនប្រហែល ៦ភាគរយនៅក្នុងត្រីមាសទី៣ ខាងមុខនេះ។

គួរបញ្ជាក់ដែរថា លទ្ធផលទាំងនេះក៏ទំនងជាមកពីផលលំបាកតែមួយគត់ដែលអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមស្នូលរបស់ Meta កំពុងជួបប្រទះនោះគឺ ការប្រកួតប្រជែងពេលវេលារបស់អ្នកប្រើប្រាស់ជាមួយនឹងកម្មវីធីវីដេអូខ្លីៗ TikTok ដែលបានកែសម្រួលអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ខ្លួនទៅលើការគ្រប់គ្រងឯកជនភាព ដែលបានចេញដោយ Apple Inc កាលពីឆ្នាំមុន។ ដូច្នេះសរុបជារួមមកប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី ២របស់ Meta បានធ្លាក់ចុះខ្ទង់ ២៩ភាគរយ ពី ៤៣ភាគរយកាលពីឆ្នាំមុន ដោយសារការចំណាយច្រើន ហើយប្រាក់ចំណូលដែលរកបានមានកម្រិតទាប៕

Leave a Reply

Your email address will not be published. Required fields are marked *