តើជាតិសរសៃគឺជាអ្វី? វាផ្តល់អត្ថប្រយោជន៍យ៉ាងណាដល់រាងកាយរបស់មនុស្ស…?

សុខភាព ៖ តើជាតិសរសៃគឺជាអ្វី? ជាតិសរសៃ គឺជាពាក្យដែលប្រើសម្រាប់កាបូអ៊ីដ្រាតគ្រប់ប្រភេទ ដែលរាងកាយរបស់មនុស្សមិនអាចរំលាយបាន។ វាជាសារធាតុចិញ្ចឹមដ៏សំខាន់ ដែលអាចលើកកម្ពស់ការសម្រកទម្ងន់ បន្ថយកម្រិតជាតិស្ករក្នុងឈាម និងប្រឆាំងនឹងការទល់លាមក។

*អាហារជាតិសរសៃអាចផ្តល់អត្ថប្រយោជន៍ដូចខាងក្រោមនៅពេលអ្នកទទួលទានវា៖

១. កាត់បន្ថយកូលេស្តេរ៉ល៖ វត្តមានរបស់ជាតិសរសៃនៅក្នុងបំពង់រំលាយអាហារអាចជួយកាត់បន្ថយការស្រូបយកកូលេស្តេរ៉លក្នុងរាងកាយ។

២. លើកកម្ពស់ទម្ងន់សុខភាពល្អ៖ អាហារដែលមានជាតិសរសៃខ្ពស់ ដូចជា ផ្លែឈើ និងបន្លែ អាចនឹងមានកាឡូរីទាប។ ម្យ៉ាងទៀត វត្តមានរបស់ជាតិសរសៃ អាចពន្យឺតការរំលាយអាហារក្នុងក្រពះ ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។

៣. បន្ថែមបរិមាណទៅក្នុងបំពង់រំលាយអាហារ៖ អ្នកមានបញ្ហាទល់លាមក ជាតិសរសៃ បានបន្ថែមបរិមាណដល់បំពង់រំលាយអាហារ ដែលអាចនឹងជួយរំញោចពោះវៀនរបស់ពួកគេឲ្យបានប្រសើរជាងមុន។

៤. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម៖ វាអាចចំណាយពេលយូរសម្រាប់រាងកាយរបស់អ្នក ដើម្បីបំបែកអាហារដែលមានជាតិសរសៃខ្ពស់។ វាក៏ហ្នឹងជួយអ្នក រក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យជាប់លាប់ជាងមុន ដែលមានប្រយោជន៍ជាពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។

៥. កាត់បន្ថយហានិភ័យមហារីកពោះវៀន៖ ការទទួលទានជាតិសរសៃគ្រប់គ្រាន់ អាចមានឥទ្ធិពលដល់ការ ការពារប្រឆាំងនឹងប្រភេទមហារីកមួយចំនួន រួមទាំងមហារីកពោះវៀនធំផងដែរ។

ខាងក្រោមនេះជាអាហារមានជាតិសរសៃខ្ពស់ ដែលទទួលបានទាំងសុខភាព និងជាការសម្រន់ដល់ការស្រេកឃ្លាន៖ ផ្លែប៉េស, ផ្លែស្ត្របឺរី, ផ្លែបឺរ, ផ្លែប៉ោម, ផ្លែបឺរី, ចេក, ការ៉ុត, ផ្លែប៊ីត (ដែលផ្លែឈើទាំងនេះ ភាគច្រើនមាននៅអាម៉េរិកខាងជើង) ប្រូខូលី, Artichoke (ជារុក្ខជាតិ មានកញ្ចុំផ្កា មុនពេលផ្ការីក មាននៅអាម៉េរិកខាងជើង), ពន្លកស៊ែល(ប្រភេទពូជស្ពៃ), សណ្តែកសៀង, សណ្តែកកួរ, ឃ្វីណូអា (ជារុក្ខជាតិផ្កាម៉្យាង), oat (ជាប្រភេទគ្រាប់ធញ្ញជាតិម៉្យាង), ពោត លីង, អាល់ម៉ុន, គ្រាប់Chia (ជារុក្ខជាតិផ្កាម៉្យាងមានដើមកំណើតនៅភាគកណ្តាល និងភាគខាងត្បូងម៉ិកស៊ិក), ដំឡូង ផ្អែម, សូកូឡា ខ្មៅ (សូកូឡាដែលមានសារធាតុកាកាវ និងប៊ឺកាកាវដោយគ្មានទឹកដោះគោ)។

មនុស្សភាគច្រើនមិនបានទទួលទានអាហារប្រចាំថ្ងៃ ដែលបានណែនាំ គឺ២៥ក្រាម សម្រាប់ស្ត្រីនិង៣៨ក្រាម សម្រាប់បុរស។ សូមព្យាយាមបន្ថែមអាហារមួយចំនួនខាងលើ ទៅក្នុងរបបអាហាររបស់អ្នក ដើម្បីបង្កើនការទទួលទានជាតិសរសៃ។ ជាតិសរសៃផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ប៉ុន្តែវាជារឿងសំខាន់ក្នុងការទទួលទានអាហារដែលមានជាតិសរសៃបន្តិចម្ដងៗ ទុកចន្លោះរយៈពេលពីរបីថ្ងៃ ដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមាន ដូចជាហើមពោះ ជាដើម។ ការផឹកទឹកឱ្យបានច្រើន ខណៈពេលដែលអ្នកបង្កើនការទទួលទានជាតិសរសៃ ក៏អាចជួយបង្ការរោគសញ្ញាទាំងនេះបានដែរ៕

source: healthline

Leave a Reply

Your email address will not be published. Required fields are marked *