រុស្ស៊ី កាត់បន្ថយលំហូរឧស្ម័នទៅអឺរ៉ុបបន្ថែមទៀត ខណៈប្លុកនេះកំពុងប្រមូលឧស្ម័នស្តុកត្រៀមសម្រាប់រដូវរងា

មូស្គូ ៖ រុស្ស៊ី បន្តកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប កាលពីថ្ងៃពុធ ទី២៧ ខែកក្កដា ក្រោយមានការកើនឡើងបន្ថែមទៀត នៃការជម្លោះថាមពល រវាងទីក្រុងមូស្គូ និងសហភាពអឺរ៉ុប ដែលនឹងធ្វើឱ្យវាកាន់តែពិបាកនិងមានតម្លៃថ្លៃជាងមុន។ ខណៈប្លុកនេះកំពុងប្រមូលឧស្ម័នស្តុកទុក ត្រៀមសម្រាប់រដូវរងាដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។

ក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នប្រចាំថ្ងៃទៅកាន់ទ្វីបអឺរ៉ុបតាមរយៈបំពង់ Nord Stream ដល់បរិមាណ ៣៣ លានម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺប្រហែល ២០ ភាគរយនៃសមត្ថភាពបំពង់បង្ហូរប្រេងចាប់ពីថ្ងៃពុធ។ ក្រុមហ៊ុននេះបានកាត់បន្ថយសមត្ថភាពនៃបំពង់បង្ហូរ Nord Stream 1 ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ទៅកាន់អឺរ៉ុបសម្រាប់ឧស្ម័នរុស្ស៊ីមកត្រឹមត្រឹមមួយភាគប្រាំនៃសមត្ថភាពសរុបរបស់វា។

កាលពីថ្ងៃអង្គារ បណ្តាប្រទេសសហភាពអឺរ៉ុបបានអនុម័តផែនការគ្រាអាសន្នដើម្បីទប់ស្កាត់នឹងបញ្ហាតម្រូវការឧស្ម័ន បន្ទាប់ពីមានបញ្ហាលើកិច្ចព្រមព្រៀងសម្រុះសម្រួលដើម្បីកំណត់ការកាត់បន្ថយសម្រាប់ប្រទេសមួយចំនួន។ សហភាពអ៊ឺរ៉ុបបានជំរុញឱ្យប្រទេសជាសមាជិកកាត់បន្ថយការពឹងផ្អែកខ្លាំងលើថាមពលរបស់ទីក្រុងមូស្គូ ក្នុងហេតុផលដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរក្នុងករណីដែលទីក្រុងម៉ូស្គូបញ្ឈប់ការផ្គត់ផ្គង់ទាំងស្រុង។

ផែនការនេះបានគូសបញ្ជាក់ពីការភ័យខ្លាចថាប្រទេសនានានឹងមិនអាចសម្រេចបាននូវគោលដៅដើម្បីបំពេញកន្លែងផ្ទុកឧស្ម័នឡើងវិញ និងរក្សាពលរដ្ឋរបស់ប្លុកនេះឱ្យមានថាមពលគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងអំឡុងរដូវរងា ហើយថាកំណើនសេដ្ឋកិច្ចដ៏ផុយស្រួយរបស់អឺរ៉ុបអាចនឹងរងការប៉ះពាល់មួយទៀតប្រសិនបើមានបញ្ហាលើការផ្គត់ផ្គង់ឧស្ម័ន។

ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគរបស់ធនាគារ Royal Bank of Canada បានលើកឡើងថា ផែនការនេះអាចជួយឱ្យអឺរ៉ុបឆ្លងកាត់រដូវរងាជាមួយនឹងលំហូរឧស្ម័នពីប្រទេសរុស្ស៊ីក្នុងកម្រិតពី ២០ ទៅ ៥០ ភាគរយ។

ខណៈពេលដែលទីក្រុងមូស្គូបានលើកឡើងពីបញ្ហាបច្ចេកទេសផ្សេងៗជាហេតុផលសម្រាប់ការកាត់ផ្តាច់ការផ្គត់ផ្គង់នោះ ទីក្រុងព្រុចសែលបានចោទប្រកាន់រុស្ស៊ីថាបានប្រើប្រាស់ថាមពលជាអាវុធដើម្បីបង្កផលប៉ះពាល់ដល់ប្លុកនេះ និងសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់លោកខាងលិចជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។

អ្នកនយោបាយអ៊ឺរ៉ុបបានព្រមានម្ដងហើយម្ដងទៀតថា រុស្ស៊ីអាចបញ្ឈប់លំហូរឧស្ម័នទាំងស្រុងក្នុងរដូវរងានេះ ដែលនឹងរុញប្រទេសអាឡឺម៉ង់ឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងធ្វើឱ្យតម្លៃសម្រាប់អ្នកប្រើប្រាស់និងឧស្សាហកម្មកើនឡើងថែមទៀត។ ដោយតម្លៃហ្គាសលក់ដុំសម្រាប់ខែសីហា ដែលជាស្ដង់ដារអឺរ៉ុបបានកើនឡើង ៩ ភាគរយដល់ ២០៥ អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោងកាលពីថ្ងៃពុធ ដែលវាកើនឡើងប្រហែល ៤១២ ភាគរយធៀបនឹងឆ្នាំមុន។

គួរបញ្ជាក់ថា ប្រទេសអាឡឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចកំពូលរបស់អឺរ៉ុប និងជាប្រទេសនាំចូលហ្គាសដ៏ធំបំផុតរបស់រុស្ស៊ី បានទទួលរងផលប៉ះពាល់ជាពិសេសដោយការកាត់បន្ថយការផ្គត់ផ្គង់ចាប់តាំងពីពាក់កណ្តាលខែមិថុនា។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការកាត់បន្ថយការផ្គត់ផ្គង់ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ក្រុមហ៊ុន Gazprom កំពុងផ្គត់ផ្គង់ឧស្ម័នច្រើនដល់អឺរ៉ុបតាមដែលអាចធ្វើទៅបាន។ លោកបានបន្ថែមថា បញ្ហាបច្ចេកទេសដែលជំរុញដោយការដាក់ទណ្ឌកម្មរបស់ពួកលោកខាងលិចកំពុងរារាំងទីក្រុងមូស្គូពីការនាំចេញឧស្ម័នបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *