សូមប្រុងប្រយ័ត្ន! នារីម្នាក់ ដេកស្លាប់ដោយសារឆក់ខ្សែភ្លើង ពេលកំពុងបញ្ចូលថ្មទូរស័ព្ទ

ក្រចេះ ៖ នារីជាអ្នកបកប្រែឱ្យក្រុមហ៊ុនចិនមួយកន្លែង ត្រូវបានដេកស្លាប់ដោយសារឆក់ខ្សែភ្លើង ខណៈកំពុងបញ្ចូលភ្លើងថ្មទូរស័ព្ទ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅចំណុចភូមិឧបសម្ព័ន អូរត្រូន ឃុំក្បាលដំរី ស្រុកសម្បូរ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ឃន ស្រីពៅ អាយុ១៧ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្ដាន់ ស្រុកសម្បូរ ជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុងក្រុមហ៊ុនរ៉ែមាស ស៊ឹងយន្តគ័ងយិក ខូលអិលធីឌី នៅចំណុចទីតាំងខាងលើ។ ករណីនេះ តាមការធ្វើកោសល្យវិច្ឆ័យពីមន្ត្រីជំនាញ គឺនារីរងគ្រោះត្រូវខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់ ខណៈដែលជនរងគ្រោះបានបញ្ចូលភ្លើងទូរស័ព្ទចោល ហើយបានទៅងូតទឹក ពេលត្រឡប់មកវិញទាំងខ្លួននៅសំណើម ក៏បានដាក់ខ្លួនដេកទៅលើទូរស័ព្ទដែលកំពុងតែបញ្ចូលភ្លើង បណ្ដាលឱ្យឆ្លង់ចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងបន្ទប់តែម្ដង។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកសម្បូរ សហការជាមួយកម្លាំងជំនាញបច្ចេកទេស រួមជាមួយក្រុមគ្រូពេទ្យ និងអាជ្ញារធរមូលដ្ឋាន បានចុះទៅពិនិត្យសព និងពិនិត្យជុំវិញកន្លែងកើតហេតុ ដើម្បីស៊ើបអង្គេតបន្ថែមផងដែរ ប៉ុន្តែជាលទ្ធផលសមត្ថកិច្ចស្រាវជ្រាវមិនឃើញមានអ្វីគួរឱ្យសង្ស័យឡើយ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន ទូរស័ព្ទដៃស្មាតហ្វូន ត្រូវបានមនុស្សគ្រប់វ័យប្រើប្រាស់យ៉ាងពេញនិយម នៅទូទាំងសកលលោក ព្រោះតែមានភាពងាយស្រួលក្នុងការទំនាក់ទំនង និងមានភាពងាយស្រួលតាមដានរាល់ព័ត៌មានដែលកើតឡើងពីគ្រប់ទិសទី។ ប៉ុន្តែការប្រើប្រាស់ទូរស័ព្ទដៃនេះ វាក៏នឹងប្រឈមទៅនឹងបញ្ហាជាច្រើនផងដែរ ដូចជា វាបានបង្កឱ្យប៉ះពាល់ភ្នែកសម្រាប់កុមារតូចៗ ប្រព័ន្ធប្រាសាទរងនូវជាតិវិទ្យុសកម្ម និងជាក់ស្តែងដូចករណីខាងលើនេះជាដើម។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័តពេលកំពុងបញ្ចូលភ្លើងអគ្គីសនី គួរប្តូរមកប្រើដុំសាកភ្លើងចល័ត (Power Bank) ជំនួសវិញទើបជាការល្អ ដើម្បីកុំឱ្យជួបរឿងអកុសលដូចជាករណីខាងលើនេះបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *