កម្លាំងអាវុធហត្ថស្រុកគិរីវង់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដឹកជញ្ជូនកញ្ឆាស្រស់ដោយខុសច្បាប់

តាកែវ ៖ ជនសង្ស័យ០២នាក់ ត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួន ក្រោយពីបានដឹកជញ្ជូនកញ្ឆាស្រស់ដោយខុសច្បាប់ នៅមូលដ្ឋានស្រុកគិរីវង់។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថស្រុកគិរីវង់ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅខាងត្បូងវត្តលើ ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ ជនសង្ស័យចំនួន២នាក់នោះមានឈ្មោះ ស៊យ ដេ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអណ្ដូងទរ ឃុំព្រៃអំពក ស្រុកគិរីវង់។ ជនសង្ស័យទី២ ឈ្មោះ មុត វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់។ អាជ្ញាធរបានដកហូតវត្ថុតាង កញ្ឆាស្រស់០៦គីឡូក្រាម។ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបន្តនីតិវិធីតាមច្បាប់។

យោងមាត្រា៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បានចែងថា បទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ។ ក្រៅពីទោសដាក់ពន្ធនាគារ ជនល្មើសនឹងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមិនមានច្បាប់អនុញ្ញាតឱ្យមានការដាំ និងដឹកជញ្ជូនដើមកញ្ឆា ដូចនឹងប្រទេសថៃដែលអនុញ្ញាតឱ្យដាំកញ្ឆាស្របច្បាប់ ប្រើប្រាស់កញ្ឆា ផលិតធ្វើពាណិជ្ជកម្ម សម្រាប់ការប្រើប្រាស់ និងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *