ក្មេងស្រី២នាក់ ជិះកងអគ្គិសនីឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់

កំពង់ស្ពឺ ៖ ក្មេងស្រីម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសស្រាល ខណៈអ្នកទាំងពីរជិះកងឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្តបុកកិន នៅលើផ្លូវកៅស៊ូ ត្រង់ចំណុចភូមិពោធិ៍ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្រីឈ្មោះ ផាន លីងអ័រ អាយុ១០ឆ្នាំ រងរបួសស្រាល ជិះកងអគ្គិសនីឌុបក្មេងស្រីឈ្មោះ គឹម វិច្ខរា អាយុ៨ឆ្នាំ (ស្លាប់) ជនរងគ្រោះទាំងពីរនាក់ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ បានជិះកងឌុបគ្នា ក្នុងទិសដៅពីកើតទៅលិចជិះពីក្រោយគោយន្តមួយគ្រឿង លុះដល់ចំណុចកើតហេតុ ពួកគេបានបត់ឆ្លងផ្លូវទៅទិសខាងត្បូង ក៏ត្រូវរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2Y-3496 បើកបរដោយឈ្មោះ ណុប សីហា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហា ស្រុកគងពិសី។ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបុកពេញទំហឹង បណ្តាលឲ្យក្មេងស្រីរងគ្រោះឈ្មោះ គឹម វិច្ចរា ដែលជិះពីក្រោយស្លាប់ភ្លាមៗ ចំណែកក្មេងស្រីអ្នកឌុប រងរបួសស្រាល។

ក្រោយកើតហេតុ នគរបាលជំនាញបានធ្វើការវាស់វែង និងហៅរថយន្តសាមុយដឹងក្មេងស្រីរងរបួសទៅមន្ទីរពេទ្យ ចំណែកសពក្មេងរងគ្រោះផ្នែកជំនាញ បានប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯវត្ថុតាងទាំងពីរ និងអ្នកបើកបររថយន្ត ខាងលើផ្នែកជំនាញបានឃាត់ខ្លួននាំយកមករក្សាទុក និងសាកសួរនៅអធិការដ្ឋាន នគរបាលស្រុកបសេដ្ឋក និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនិតិវិធី៕ ដោយ៖ ចន្ទ លីហ្សា

Leave a Reply

Your email address will not be published. Required fields are marked *