រថយន្ត TUNDRA បុករថយន្ត PRUIS និងម៉ូតូមួយគ្រឿង ដែលកំពុងបត់ឆ្លងផ្លូវ៦០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្ត Toyota prius មួយគ្រឿង និងម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត កំពុងបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែត្រូវរថយន្ត Tundra បុក ពីចំហៀងពេញទំហឹង និងខ្ទាតទៅបុកម៉ូតូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង០៧៖៥០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងច្រកចូលផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនោះ គឺមានរថយន្ត Toyota prius មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BD-0920 និងម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AM-4901 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងមកត្បូងស្របទិសគ្នា បានមកបត់ឆ្វេងឆ្លងផ្លូវ ទៅច្រកចូលផ្សារក្រមួនបានបន្តិច ស្រាប់តែមានរថយន្ត Toyota Tundra ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI-2098 ធ្វើដំណើរបញ្ច្រាស់គ្នាក្នុងល្បឿនយ៉ាងលឿន ហើយបុក Prius ពីចំហៀងពេញទំហឹង ខ្ទាតទៅបុកម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យរថយន្តបង្ក និងរថយន្តរងគ្រោះរងការខូចខាតយ៉ាងដំណំ រីឯម៉ូតូហុងដាឌ្រីមខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានបុរសម្នាក់ ជាម្ចាស់ម៉ូតូហុងដាឌ្រីមរបួសចំក្បាលបន្តិចបន្ទួច តែម្ចាស់រថយន្ត Prius រងរបួសគួរសម្យត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុ ភាគីរថយន្តបង្ក Tundra បានសម្របសម្រួលជាមួយម្ចាស់ម៉ូតូរងគ្រោះ ដោយព្រមសងថ្លៃខូចខាត និងថ្លៃព្យាបាលរបួសមួយចំនួនដើម្បីបញ្ចប់រឿង។ បន្ទាប់មកភាគីរថយន្តបង្ក Tundra បានព្យាយាមទាក់ទងទៅខាងរថយន្តរងគ្រោះម៉ាក Prius ផងដែរតែទាក់ទងមិនបាន ទើបសមត្ថកិច្ចមូលដ្ឋាន សហការជួយសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *