នគរបាលខេត្តស្ទឹងត្រែង ចុះបង្ក្រាប និងរឹបអូសគ្រឿងញៀនបានជិត ២០០កញ្ចប់ នៅតំបន់ព្រំដែនកម្ពុជា-ឡាវ

ស្ទឹងត្រែង ៖ គ្រឿងញៀនមានទម្ងន់ប្រមាណ ១៧០គីឡូក្រាម ត្រូវបានបង្ក្រាប និងរឹបអូសពីកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ក្រោមកិច្ចសហការរួមគ្នា រវាងកម្លាំងប៉ុស្តិ៍នគរបាលវរៈការពារព្រំដែនលេខ៧០១ និងកម្លាំងយោធាការពារព្រំដែន នៃផ្នែកសឹករងបុរីអូរស្វាយសែនជ័យ កាលពីវេលាម៉ោង៦៖៤៩នាទីព្រលប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្បាលកោះល្ង ស្ថិតក្នុងភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។

សមត្ថកិច្ចនៅក្នុងការបង្ក្រាបគ្រឿងញៀន បានបង្ហាញរបាយការណ៍បឋមឲ្យដឹងថា ថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានក្រុមឧក្រិដ្ឋជនគ្រឿងញៀនជនជាតិឡាវ ធ្វើសកម្ម ភាពដឹកជញ្ជូនតាមរថយន្ត នាំយកមកលើកដាក់តាមទូកម៉ាស៊ីន នៅចំណុចកោះស្តាំ ស្ថិតនៅក្នុងទឹកដីឡាវ ដើម្បីដឹកជញ្ជូនចូលមកក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ រីឯសកម្មភាពរបស់ក្រុមឧក្រិដ្ឋជន បានធ្វើឡើងស្របពេលដែល កម្លាំងប៉ុស្តិ៍នគរបាលវរៈការពារព្រំដែនលេខ៧០១ កំពុងដើរល្បាតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដែលស្ថិតនៅក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន ក្នុងខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅក្នុងការចុះទប់ស្កាត់សកម្មភាព ក្រុមធ្វើជំនួញគ្រឿងញៀនជនជាតិឡាវនាពេលនោះ កម្លាំងសមត្ថកិច្ចមិនបានឃាត់ខ្លួនមនុស្សនោះទេ ព្រោះនៅពេលដែលឃាត់ទូកដឹកជញ្ជូនគ្រឿងញៀនបាន អ្នកបើកទូកនោះ បានរត់គេចខ្លួនចូលទៅលើដែនកោះនោះបាត់ស្រមោល ដោយបានបន្សល់ទុកនៅ តែវត្ថុតាងថ្នាំញៀនចំនួន ១៧០កញ្ចប់ធំ តែប៉ុណ្ណោះ។ ចំណែកគ្រឿងញៀន ដែលគេច្រកក្នុងការ៉ុងចំនួន១០ ស្មើនឹង ១៧០កញ្ចប់ធំ មានទម្ងន់ប្រមាណ ១៧០គីឡូក្រាម ត្រូវបានបញ្ជូនមកកាន់ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទាំងយប់នោះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *