បែកធ្លាយ! ក្រុមជើងខ្លាំងប្រើសុទ្ធតែកាំភ្លើងហួសសុពលភាព វាយពលរដ្ឋ៣នាក់ ឲ្យរងរបួស នៅខេត្តកំពង់ធំ កំពុងមានមេកោយរត់ការដោះលែង

កំពង់ធំ ៖ បើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋរងគ្រោះ ចំនួន៣នាក់ ដោយសារក្រុមប្រដាប់អាវុធមួយក្រុមមានគ្នាប្រមាណ១០ នាក់ ធ្វើសកម្មភាពប្រើហិង្សាដោយមានទាំងកាំភ្លើងខ្លី, ខ្សែក្រវ៉ាត់ និងដំបងឈើជ្រុង ព្រួតវាយពួកគាត់ បណ្ដាលឱ្យរងរបួសយ៉ាងដំណំ  ហើយត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះប្រតិបត្តិការបង្រ្កាបភ្លាមៗ និងឃាត់ខ្លួនជនដៃដល់ចំនួន៤នាក់ យកមកសាកសួរ ដើម្បីចាត់ការតាមច្បាប់។ ប៉ុន្តែ មានគេលួចបង្ហើបប្រាប់ថា បច្ចុប្បន្ននេះ ក៏មានមេកោយរបស់ក្រុមជនដៃដល់ កំពុងរត់ការដោះលែង ពួកគេផងដែរ។

ជាក់ស្ដែង បើយោងតាមរាយការណ៍របស់មន្រ្តីកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីវេលាម៉ោង១១៖១៥នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានគ្នាចំនួន៤នាក់  មធ្យោបាយរថយន្តមួយគ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ម៉េងហុង នាយការិយាល័យព្រហ្មទ័ណ្ឌ និងមានការសម្របសម្រួលពីលោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ ដោយផ្ទាល់តាមរយៈទូរស័ព្ទ បានចុះសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក និងកម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកបារាយណ៍ បានចុះបង្ក្រាបករណីហិង្សាដោយចេតនា នៅចំណុចផ្ទះរបស់ឈ្មោះ ថា ធីតា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ករណីនេះបង្កឡើងដោយក្រុមជនសង្ស័យមានគ្នាប្រហែល ១០នាក់ បានធ្វើសកម្មភាពវាយតប់ទៅលើក្រុមជនរងគ្រោះដែលមានគ្នា ៦នាក់ ដោយប្រើដៃ ខ្សែក្រវ៉ាត់ និងដំបងឈើជ្រុង រួមទាំងអាវុធខ្លីចំនួន០១ដើម ហួសសុពលភាពថែមទៀត បណ្ដាលឱ្យជនរងគ្រោះចំនួន ៣នាក់ រងរបួសស្រាល ត្រង់ដៃខាងឆ្វេងមួយកន្លែង ត្រង់សៀតផ្កាខាងស្ដាំ មួយកន្លែង (១ខ្សែក្រវ៉ាត់) នឹងត្រង់ក្រោមគុម្ពត្រចៀកស្តាំមួយកន្លែង (០១ខ្សែក្រវ៉ាត់)។

សេចក្ដីរាយការណ៍ដដែលបន្តថា ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ មានដូចខាងក្រោម៖ ទី១. ឈ្មោះ ទេព ចិន្តា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ, ទី២. ឈ្មោះ ឡេង ចាន់រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកំពង់ប្រទេស សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ទី៣. ឈ្មោះ ជួន ប៉ោជាំង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ និងទី៤. ឈ្មោះ ខា កុសល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្រោគោ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ចំណែកវត្ថុតាងចាប់យកពីជនដៃដល់រួមមាន៖ អាវុធខ្លីមួយដើម ម៉ាក BERETTA លេខ BER665672 បង់ចំនួនមួយគ្រាប់ពីរគ្រាប់, រថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-4488, ប័ណ្ណសម្គាល់អាវុធខ្លីចំនួន ១សន្លឹក, លិខិតបញ្ជាបេសកកម្មចំនួន១សន្លឹក, អត្តសញ្ញាណប័ណ្ណទាហានចំនួន១សន្លឹក, ក្បាលខ្សែក្រវាត់ចំនួនមួយ, សោកុងតាក់ចំនួន០១, ទូរស័ព្ទចំនួន០២គ្រឿង, ដំបងឈើ ២កំណាត់, កំប៉ុងជ័រចំនួន០១, ស្រោមកាំភ្លើងខ្លីចំនួន០១។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការតាមច្បាប់។ ប៉ុន្តែ ប្រភពមួយបានលួចបង្ហើបប្រាប់ថា ក្រុមជនដៃដល់កំពុងមានមេកោយព្យាយាមរត់ការដោះលែងឱ្យមានសេរីភាពផងដែរ។ ខណៈជនរងគ្រោះជាច្រើននាក់ កំពុងព្រួយបារម្ភខ្លាចជនដៃដល់រួចពីសំណាញ់ច្បាប់។ ដូច្នេះ ពួកគាត់អំពាវនាវដល់ស្ថានប័ណ្ណតុលាការ មានវិធានការតាមច្បាប់ និងផ្ដល់យុត្តិធម៌សម្រាប់ពួកគាត់៕

Leave a Reply

Your email address will not be published. Required fields are marked *