រមណីយដ្ឋានល្បាក់កំរោញ គឺជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញ

ពោធិ៍សាត់ ៖ រមណីយដ្ឋានល្បាក់កំរោញ គឺជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញ ដែលស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

តាមការឲ្យដឹងពីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដើម្បីទៅដល់រមណីយដ្ឋាននេះ យើងត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ មានចម្ងាយ៤៨គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយ ២៣៧គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ រមណីយដ្ឋានខាងលើនេះ លម្អទៅដោយរុក្ខជាតិពណ៌បៃតងស្រស់ ជាពិសេស តាមដងផ្លូវ (ក្រួសក្រហម) ចូលទៅកាន់ធារទឹកស្ទឹង ដែលហូរត្រជាក់ស្រេង មានព្រៃឫស្សី ឃ្លៃ លាយឡំជាមួយដើមឈើធំៗ ហាក់ដូចជាគម្រប ឬដំបូល ធ្វើឲ្យទីតាំងនេះមានភាពត្រជាក់គួរជាទីមនោរម្យ។

ភាពទាក់ទាញ៖

– មានទឹកស្ទឹងថ្លាឆ្វេង ហូរប៉ប្រះផ្ទាំងថ្ម ខួបប្រាំងវស្សា (រដូវប្រាំង ទឹកតិចជាងវស្សា) ដែលធ្វើឲ្យភ្ញៀវទេសចរ អាចចូលលេងកម្សាន្ត (ងូតទឹកលេង) បានគ្រប់រដូវកាល។

– មានរុក្ខជាតិម្លប់ត្រឈឹងត្រឈៃ ព្រមទាំងរំលេចទៅដោយ ផ្ទាំងថ្មដាធំៗនៃបាតស្ទឹង និងតាមច្រាំងស្ទឹងគួរឲ្យចង់អង្គុយលេងកម្សាន្ត និងទទួលទាន អាហារ ប្រកបដោយខ្យល់អាកាសធម្មជាតិបរិសុទ្ធ និងមានផាសុកភាព។

– នៅជុំវិញរមណីយដ្ឋាន មានចំការក្រូចពោធិ៍សាត់ និងមានដំណាំពោត ចេក អំពៅ ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *