អាសូវណាស់! រន្ទះបាញ់ ឆក់ជីវិតមនុស្សម្នាក់ និងរបួសធ្ងន់ស្រាល ចំនួន៥នាក់

ស្វាយរៀង ៖ មានភ្លៀង និងខ្យល់កន្ត្រាក់ លាយឡំផ្គររន្ទះយ៉ាងខ្លាំងធ្វើឲ្យមនុស្សម្នាក់ ត្រូវរន្ទះ បាញ់ស្លាប់ និង៥នាក់ទៀត រងរបួសធ្ងន់ស្រាល ខណៈកំពុងអង្គុយជ្រកភ្លៀងនៅវាលស្រែក្រោមដើមអាកាស្យាឃ្វាលក្របី កាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិរោទិ៍ ឃុំញ័រ ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ឃឹម សាន អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិរោទិ៍ ឃុំញ័រ ស្រុកកំពង់រោទិ ខេត្តស្វាយរៀង ចំណែកមនុស្ស៥នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានក្រុមគ្រួសារយកមកសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

បើតាមស្ត្រីរងគ្រោះនៅក្នុងហេតុការណ៍គួរឲ្យរន្ធត់នេះ បានឲ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងធ្លាក់ខ្លាំង ហើយគាត់និងអ្នកភូមិ៥នាក់ទៀត បានរត់មកជ្រកភ្លៀងក្រោមដើមអាកាស្យាទាំងអស់គ្នា នៅគ្រានោះ បុរសរងគ្រោះបានឈរតែម្នាក់ឯង បន្ទាប់មកស្រាប់តែលឺសូរសម្លេងរន្ទះបាញ់មួយគ្រាប់ចំបុរសឈ្មោះ ឃឹម សាន ដួលដាច់ផ្ងើស្លាប់ភ្លាមៗ និងរបួសធ្ងន់ស្រាល៥នាក់បង្កការភ្ញាក់ផ្អើលតែម្ដង។

ប្រភពបានបន្តថា ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ និងពិនិត្យធ្វើកោសលវិច្ច័យសហការ ជាមួយគ្រូពេទ្យដោយសន្និដ្ឋានថា សពពិតជាបានស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងរន្ទះត្រូវប្រញាប់ ប្រញាល់រក ទីទួលមានសុវត្ថិភាពនិងបិទទូរស័ព្ទ ហើយបើមានហេតុការណ៍អាក្រក់ផ្សេងៗ ត្រូវរាយការណ៍មក សមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *