ប្រទេសចិន អាចការពារខ្លួនពីការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីបំផ្លាញស្ថិរភាព

ប៉េកាំង ៖ រដ្ឋមន្ត្រីការពារជាតិចិន លោក វៃ ហ្វេងហេ បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពរំដោះប្រជាជនចិន មិនខ្លាចសត្រូវរបស់ខ្លួនទេ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធដើម្បីអធិបតេយ្យភាពរបស់ប្រទេស ចំពេលដែលមានការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីធ្វើឱ្យខូចដល់ស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកបាននិយាយនៅក្នុងសារវីដេអូមួយសម្រាប់សន្និសីទទីក្រុងមូស្គូស្តីពីសន្តិសុខអន្តរជាតិលើកទី១០ ថា «ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។ ប្រទេសចិនមិនអាចនៅស្ងៀមបានទេ។ យើងមិនខ្លាចកម្លាំងបិសាច ក៏ដូចជាសត្រូវណាមួយឡើយ។ យើងមានការតាំងចិត្ត និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធជាមួយសត្រូវ»។

លោក វៃ បានរំលឹកថា តៃវ៉ាន់ គឺជាផ្នែកសំខាន់មួយរបស់ប្រទេសចិន ហើយទីក្រុងប៉េកាំងបានចាត់ទុកបញ្ហាពាក់ព័ន្ធទាំងអស់ថាជាបញ្ហានយោបាយផ្ទៃក្នុង ដែលគ្មានប្រទេសណាមួយមានសិទ្ធិជ្រៀតជ្រែកឡើយ។

លោក វៃ បានរំលឹកថា គោលជំហររបស់ចិនទៅលើបញ្ហាតៃវ៉ាន់ បានទទួលការគាំទ្រពីប្រទេសភាគច្រើនក្នុងពិភពលោក។ ថ្មីៗនេះ មានជាង ១៧០ប្រទេសហើយដែលបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនានាដើម្បីគាំទ្រដល់បំណងប្រាថ្នារបស់ទីក្រុងប៉េកាំងក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។ លោកបានចង្អុលបង្ហាញពីតួនាទីដ៏សំខាន់របស់រដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ប្រឆាំងនឹងការនៅពីខាងក្រោយនៃសកម្មភាពអស្ថិរភាពរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់។

លោក វៃ បានសន្និដ្ឋានថា «PLA កំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ ដែលជាសកម្មភាពស្របច្បាប់ និងត្រឹមត្រូវ ក្នុងគោលបំណងការពារអធិបតេយ្យភាពនៃប្រទេសរបស់យើង»។

កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលរបស់ខ្លួនតាំងពីឆ្នាំ១៩៤៩ នៅពេលដែលកងកម្លាំងគួមីនតាងក្រោមការដឹកនាំរបស់ ឈៀង កៃឆៀក (ឆ្នាំ១៨៨៧-១៩៧៥) ដែលនៅសេសសល់បានភៀសខ្លួនទៅកាន់កោះនោះបន្ទាប់ពីចាញ់ក្នុងសង្គ្រាមស៊ីវិលចិន។ ចាប់តាំងពីពេលនោះមក តៃប៉ិបានរក្សាទង់ជាតិ និងលក្ខណៈមួយចំនួនផ្សេងទៀតនៃអតីតសាធារណរដ្ឋចិនដែលមាននៅចិនដីគោក មុនពេលបក្សកុម្មុយនិស្តឡើងកាន់អំណាច។ យោងតាមគោលជំហរផ្លូវការរបស់ទីក្រុងប៉េកាំងដែលគាំទ្រដោយប្រទេសភាគច្រើន ដោយរួមមានទាំងប្រទេសរុស្ស៊ីផងនោះ បានចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយក្នុងចំណោមខេត្តរបស់ប្រទេសចិន៕

Leave a Reply

Your email address will not be published. Required fields are marked *