ឆក់ទូរស័ព្ទដៃបានសម្រេច តែរត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំង៣នាក់

បាត់ដំបង ៖ ក្រុមជនសង្ស័យ៣នាក់ ត្រូវកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបាន ក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់។

យោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបាន នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី នៅចំណុចភូមិកម្មករ  សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) មួយករណី និងនាំខ្លួនជនសង្ស័យ៣នាក់។

ជនសង្ស័យទាំង៣នាក់ ទី១. ឈ្មោះ ឡេង ហេង ភេទប្រុស អាយុ ១៩ឆ្នាំ, ២. ឈ្មោះ លី ស៊ីថា ភេទប្រុស អាយុ ២១ឆ្នាំ, ៣. ឈ្មោះ លួម ចាន់ថា ភេទប្រុស អាយុ ២០ឆ្នាំ ទាំង៣នាក់មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។ រួមជាមួយវត្ថុតាងដកហូតមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម មួយគ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AE-7425 (ជាម៉ូតូធ្វើសកម្មភាព), ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO F9 ពណ៌ខៀវ (ជារបស់ជនរងគ្រោះ)។

លោកបញ្ជាក់ថា ជនសង្ស័យខាងលើ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៩និង១០នាទី នៅចំណុចក្រុមទី១ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ ឈ្មោះ សោ ថាវន្ត ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឬស្សី បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចយើងក៏បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿង ដើម្បី បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ចន្ទ លីហ្សា

Leave a Reply

Your email address will not be published. Required fields are marked *