ភ្នែកស្រលៀង៖ មូលហេតុ និងការព្យាបាល

សុខភាព ៖ ភ្នែកស្រលៀង ឬហៅថា “strabismus” គឺជាស្ថានភាពដែលភ្នែករបស់អ្នកមិនត្រង់ជួរ ឬមិនស្របតាមគ្នា។ ដូចដែលលោកអ្នកដឹងហើយថា ប្រសិនបើអ្នកមានជំងឺនេះ ភ្នែករបស់អ្នកនឹងមើលទៅក្នុងទិសដៅផ្សេងៗគ្នា។ ហើយភ្នែកនីមួយៗនឹងផ្តោតលើវត្ថុផ្សេងគ្នា។ ជំងឺនេះច្រើនកើតលើកុមារ ប៉ុន្តែវាក៏អាចកើតមាននៅពេលក្រោយក្នុងជីវិតពេញវ័យផងដែរ។ ជាធម្មតាភ្នែកស្រលៀងអាចត្រូវបានកែតម្រូវដោយកែកែវភ្នែក ការវះកាត់ ឬការរួមបញ្ចូលគ្នានៃទាំងពីរយ៉ាងនេះ។

*តើអ្វីបណ្តាលឱ្យកើតភ្នែកស្រលៀង?

ភ្នែកស្រលៀងកើតឡើងដោយសារការខូចខាតសរសៃប្រសាទ ឬនៅពេលដែលសាច់ដុំជុំវិញភ្នែករបស់អ្នកមិនដំណើរការជាមួយគ្នា ដោយសារផ្នែកម្ខាង អាចខ្សោយជាងម្ខាងទៀត។ ចំពោះមូលហេតុផ្សេងៗដែលបណ្ដាលឱ្យកើតមានជំងឺនេះមានដូចជា៖

គ្រាវ័យកុមារ៖ ជារឿយៗមូលហេតុមូលដ្ឋានជាក់លាក់គឺមិនត្រូវបានដឹងទេ។ ប៉ុន្តែស្ថានភាពមិនប្រក្រតីមួយដែលហៅថា Infantile esotropia គឺជាប្រភេទជំងឺភ្នែកដែលលេចឡើងលើទារកក្នុងកំឡុងឆ្នាំដំបូងនៃជីវិតរបស់ពួកគេ។

គ្រាពេញវ័យ៖ ជាធម្មតាវាបណ្តាលមកពីបញ្ហារាងកាយ ដូចជារបួសភ្នែក ពិការខួរក្បាល ឬដាច់សរសៃឈាមខួរក្បាល។

*តើអ្នកណាដែលប្រឈមមុខនឹងជំងឺភ្នែកស្រលៀង?

*អ្នកទំនងជាកើតជំងឺភ្នែកស្រលៀង ប្រសិនបើអ្នក៖

-មានសមាជិកគ្រួសារដែលមានជំងឺនេះ

-មានបញ្ហាខួរក្បាល ឬដុំសាច់ក្នុងខួរក្បាល

-ធ្លាប់មានជំងឺដាច់សរសៃឈាមខួរក្បាល ឬរបួសខួរក្បាល

-មានភ្នែកខ្សោយ មើលមិនឃើញឆ្ងាយ ឬបាត់បង់ការមើលឃើញ

-មានរីទីណាដែលខូច

-មានជំងឺទឹកនោមផ្អែម

*តើភ្នែកស្រលៀងត្រូវបានព្យាបាលយ៉ាងដូចម្តេច?

ផែនការព្យាបាលសម្រាប់អ្នកមានភ្នែកស្រលៀងនឹងអាស្រ័យលើភាពធ្ងន់ធ្ងរ និងមូលហេតុនៃស្ថានភាពរបស់អ្នក។ ប្រសិនបើភ្នែកដែលស្រលៀងកើតឡើងពីភ្នែកខ្សោយ គ្រូពេទ្យប្រហែលជាឱ្យអ្នកពាក់បំណះលើភ្នែក ដើម្បីបង្ខំឱ្យសាច់ដុំនៃភ្នែកដែលខ្សោយធ្វើការកាន់តែខ្លាំង។ បន្ថែមពីនេះ លំហាត់ភ្នែកការដាក់កែវភ្នែកកែ តម្រូវ  ការវះកាត់លើសាច់ដុំភ្នែកមួយចំនួន ក៏អាចជាវិធីសាស្ត្រដោះស្រាយបញ្ហានេះបានផងដែរ៕ ដោយ៖ ហ៊ែល វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *