សម្តេចតេជោ៖ ៩ខែ កម្ពុជាផលិតមាសបានជាង ២,២៧៥គីឡូក្រាម នៅក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ថា រយៈពេល៩ខែ នៃដំណើរការអាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី កម្ពុជាអាចផលិតបានចំនួន ២ ២៧៥គីឡូក្រាម។

សម្តេចតេជោបញ្ជាក់ថា អាជីវកម្មរ៉ែមាសនេះ បានជំនួសដោយរ៉ែប្រេងកាត ដែលមានចំនួនតិច ហើយការបូបប្រេងជួបបញ្ហា មានការលួចយកនាវាផ្ទុកប្រេងទៅបាត់ផងដែរ។

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី រ៉ែមាសរបស់កម្ពុជា នៅមានទីតាំងច្រើនកន្លែងទៀត ដែលកំពុងរុករក ហើយការរុករកនេះ គឺជាការបើប្រាស់នូវធនធានធម្មជាតិ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «៩ខែ យើងផលិតមាសបាន២២៧៥គីឡូក្រាម ឬជាង២តោន នេះយើងគិតតែមួយទេ [តំបន់អូរខ្វាវ មណ្ឌលគិរី] នៅកន្លែងដទៃទៀត។ អីចឹងយើងក៏ចាប់ផ្តើមប្រើប្រាស់នូវធនធានធម្មជាតិរបស់យើងមួយចំណែក ដែលយើងបាននិងកំពុងរុករក ដើម្បីធ្វើអាជីវកម្មបម្រើឲ្យសេចក្តីត្រូវការរបស់ប្រទេសជាតិ»។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕

Leave a Reply

Your email address will not be published. Required fields are marked *