សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសខ្លះមានសង្គ្រាម ទើបឃើញសន្តិភាពមានតម្លៃ ឯកម្ពុជាឃើញតម្លៃសន្តិភាព តាំងពីសង្គ្រាមចាប់ផ្ដើម ឆ្នាំ១៩៧០

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយចំនួន មានកើតមានសង្គ្រាម ទើបមើលឃើញពីតម្លៃសុខសន្តិភាព ខណៈប្រទេសកម្ពុជា បានមើលឃើញ និងឲ្យតម្លៃសុខសន្តិភាព តាំងតែពីសង្គ្រាមចាប់ផ្ដើម កាលពី៥២ឆ្នាំមុន ពោរគឺនៅក្នុងឆ្នាំ១៩៧០។

ក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី៣១ ខែមីនានេះ សម្តេចតេជោ បានមានប្រសាសន៍ថា ពេលនេះ ម៉ោងនេះកម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងលើផ្ទៃប្រទេស ក្នុងពេលដែលប្រទេសអ៊ុយក្រែន និងប្រទេសដទៃទៀតកំពុងរងការបំផ្លិចបំផ្លាញទៅលើហេដ្ឋារចនាសម្ព័ន្ធ។

សម្ដេចតេជោ បានបន្តថា កាលពី៥២ឆ្នាំមុន ពេលនេះម៉ោងនេះ គឺជាការចាប់ផ្ដើមបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីរដ្ឋប្រហារ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ សម្ដេចរំលឹកថា នៅចាំបាន ស្ពានជ្រាវតាមផ្លូវជាតិលេខ៧ ត្រូវបានដាក់គ្រាប់បែកបំផ្ទុះផ្ដាច់ត្រឹមគល់ស្ពាន នៅថ្ងៃទី២៩ ខែមីនា ខណៈកម្ពុជា មានស្ពានច្រើនតែត្រូវបានបំផ្លាញដោយសារគ្រាប់បែក។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា សមិទ្ធផល និងការអភិវឌ្ឍដែលមានសព្វថ្ងៃនេះ គឺចាប់ផ្ដើមពីសន្តិភាព ដែលរកបានដោយលំបាក រយៈពេល ២៤ឆ្នាំកន្លងផុតទៅ។ ប្រកាសសុខសន្តិភាពនេះហើយដែលផ្ដល់លទ្ធភាពឲ្យកម្ពុជា មានកំណើនសេដ្ឋកិច្ចជាង៧% ក្នុងរយៈពេលជាង ២ទស្សវត្សជាប់គ្នា។

សម្ដេចតេជោ សង្កត់ធ្ងន់ថា «ពេលមានសង្គ្រាម ទើបមើលឃើញសន្តិភាពមានតម្លៃ រីឯកម្ពុជាយើង បានមើលឃើញតម្លៃសន្តិភាព តាំងពីសង្គ្រាមចាប់ផ្ដើមនៅឆ្នាំ១៩៧០ ពោរគឺ៥២ឆ្នាំមុន ប៉ុន្តែយើងអត់មានជំរើសទេ ព្រោះពេលនោះយើងជាចំណាប់ខ្មាំងនៃសង្គ្រាម ទៅណាក៏ត្រូវធ្វើទាហានទៅខាងលន់ណន់ ក៏គេចាប់ធ្វើទាហាន នៅខាងតំបន់រំដោះក៏ត្រូវធ្វើទាហាន…ទាហានទាំងអស់តែគ្នា វាយគ្នាពេញតែប្រទេស»។

សម្ដេចលើកឡើងទៀតថា សូម្បីតែរបស់អត់វិញ្ញាណ គ្រាន់តែជាហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឲ្យការដឹកជញ្ជូន ឬសាលារៀន វត្តអារាម ក៏ត្រូវវាយបំផ្លិចបំផ្លាញដែរ ។ សម្ដេចថា ដូច្នេះត្រូវមើលឲ្យឃើញពីកត្តាសន្តិភាព ដែលការចាប់ផ្ដើមពីចំណុចសន្តិភាពនេះហើយ ដែលមានលទ្ធភាពដើម្បីអភិវឌ្ឍន៍។

សម្ដេចតេជោ បញ្ជាក់ថា «បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍ ហើយក៏កុំនិយាយពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឥឡូវសូមទៅសួរនៅអ៊ុយក្រែន តើសិទ្ធិមនុស្សនៅកន្លែងណា យើងពិនិត្យមើលបើគ្រាប់បែក គ្រាប់ផ្លោងនៅក្រោមដី កុមារអត់សាលារៀន អត់ទឹកស្អាតប្រើប្រាស់ ចូលមកអឺរ៉ុបត្រូវគេរើសអើងទៀត»។

សម្ដេចបន្តថា ភៀសខ្លួនចេញពីអ៊ុយក្រែន មានជនជាតិអ៊ុយក្រែនផង និងមាននិស្សិតនៅបណ្ដាប្រទេសអាហ្វ្រិក ពេលមកដល់ត្រូវទទួលបានការរើសអើង នៅក្នុងទ្វីបអឺរ៉ុប ជាប្រទេសដែលចាត់ទុកជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។

សម្ដេចតេជោ ក៏បានចោទសួរ ទៅប្រទេសតំបន់អឺរ៉ុបថា តើហេតុអ្វីបានជាអ្នកឯង មានស្តង់ដារពីរ ឬអាចដល់ទៅស្តង់ដារបី ។ សម្ដេចថា មិនទាន់ប្រាកដថា អ្នក និយាយពីបញ្ហាមិនរើសអើង ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺល្អទេ រឿងទង្វើជាក់ស្ដែងទើបជាការត្រឹមត្រូវ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ត្រូវឃើញតម្លៃសន្តិភាព ខណៈបច្ចុប្បន្នលើពិភពលោក កំពុងស្រែករកសន្តិភាព និងកំពុងតែខិតខំការពារសន្តិភាព ក្នុងពេលដែលកើតមានអស្ថេរភាព ដោយសារសង្គ្រាមនៅអ៊ុយក្រែន និងដោយសារលទ្ធភាពនៃការកើតឡើងនូវ សង្គ្រាមលោកលើកទី៣ ក៏ដូចជាសង្គ្រាមនុយក្លេរអ៊ែរ។

សម្ដេចតេជោ បន្តទៀតថា កាលពីពេលមុន ទាមទាររកសន្តិភាព ក្រោយរកសន្តិភាពបានហើយ ត្រូវខិតខំធ្វើយ៉ាងណា ការពារសន្តិភាពឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *