រថយន្តក្រឡុកស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន GENESIS HOME CONCRET បើកកៀរ និងកិនយុវជនម្នាក់ បែកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រមហ៊ុន GENESIS HOME CONCRETEមួយគ្រឿង កៀររួចកិនបុរសម្នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយបេតុង ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុវជនរងគ្រោះឈ្មោះ ពៅ សំណាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-2160 មួយគ្រឿង។

ចំណែករថយន្តកិនមនុស្សស្លាប់នោះ ជារថយន្តក្រឡុកស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន GENESIS HOME CONCRETE ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2986 បើកបរដោយឈ្មោះ ម៉ឺន សារិន ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិ បាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីព្យាយាមបើករត់គេចគេចខ្លួន។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ត និងម៉ូតូបានធ្វើដំណើរតាមផ្លូវបេតុង ស្របទិសគ្នា នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ដែលជាផ្លូវកោង រថយន្តក៏បានបើកកៀរម៉ូតូ បណ្តាលឲ្យដួលចូលក្រោមកង់រថយន្ត កិនចំក្បាល បណ្តាលបែកក្បាលទាំងមួកសុវត្តិភាព។

តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា បន្ទាប់ពីបង្កគ្រោះថ្នាក់ រថយន្តក៏បានព្យាយាមបើកគេចខ្លួនបានប្រមាណ៥០០ម៉ែត្រ ត្រូវបានអ្នកដំណើរប្តឹងនគរបាលដែលដាក់គោលដៅ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ឃាត់បាននៅតាមតង់បណ្តោយផ្លូវសម្តេចជាស៊ីម ខាងលិចផ្សារបឹងបៃតង។

ក្រោយកើតហេតុ សម្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសម្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យករថយន្ត និងម៉ូតូ ព្រមទាំងអ្នកបើកបររថយន្តបញ្ចូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់។ ចំណែកសពត្រូវបាននគរបាលមូលដ្ឋាន ចាត់ចែងបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីរង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ និន សុភ័ស្ត

Leave a Reply

Your email address will not be published. Required fields are marked *