ឃាត់ខ្លួនបុរស២នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោងភ្នាល់ដាក់លុយ)

កំពង់ស្ពឺ ៖ កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកឧដុង្គ បានឃាត់ខ្លួនបុរសពីរនាក់ ក្នុងចំណោមមនុស្សច្រើននាក់ ដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោងភ្នាល់ដាក់លុយ) ស្ថិតនៅក្នុងភូមិត្រពាំងសង្កែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការដ្ឋាននគរបាលស្រុកឧដុង្គ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះថា យោងតាមការរាយការណ៍របស់ប្រជាពលរដ្ឋមូលដ្ឋានថា មានករណីជួបជុំលេងល្បែងអាប៉ោង នៅចំណុចទីតាំងខាងលើ លោកក៏បានចាត់កម្លាំងជំនាញចុះបង្ក្រាបភ្លាមៗ ដោយក្នុងនោះឃាត់ខ្លួនអ្នកលេងបានចំនួន២នាក់ ក្នុងចំណោមអ្នកលេងផ្សេងទៀត។

លោកអធិការ បានឱ្យដឹងទៀតថា អ្នកឃាត់ខ្លួនទាំង២នាក់ខាងលើ មានឈ្មោះ ភឿង ផាន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្នាមពុក ឃុំវាលពង្ស ស្រុកឧដុង្គ និងឈ្មោះ វី ធារ៉ា ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំព្រះ ស្រុកឧដុង្គ។

ក្នុងប្រតិបត្តិការនោះដែរ កម្លាំងជំនាញក៏បានចាប់យកវត្ថុតាងបានមួយចំនួនផងដែរមាន ចានសម្រាប់អាប៉ោងមួយ, គំរបមួយ, មេអាប៉ោងមួយគ្រាប់, ទូរស័ព្ទដៃបីគ្រឿង និងប្រាក់រៀលចំនួន៤៤១៥០០រៀល។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្រោមការសួរនាំរបស់កម្លាំងនគរបាលជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ៕ ដោយ៖ ចន្ទ លីហ្សា

Leave a Reply

Your email address will not be published. Required fields are marked *